(បាត់ដំបង)៖ សាកវិទ្យាល័យបាត់ដំបង និងសាកលវិទ្យាល័យមានជ័យ បានសហការរៀបចំសិក្ខាសាលា បណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងគម្រោង ការគ្រប់គ្រងធនធនមនុស្ស និងហិរញ្ញវត្ថុ ការគ្រប់គ្រងរដ្ឋបាល និងការចុះឈ្មោះនិស្សិត ដែលគាំទ្រឧបត្ថម្ភ ដោយគម្រោងអ៊ីរ៉ាស្មុសតាកតិក នៅសាកលវិទ្យាល័យបាត់ដំបង។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ដោយសិក្ខាកាមចូលរួមចំនួន៣៩នាក់ មកពីសាកលវិទ្យាល័យបាត់ដំបង សាកលវិទ្យាល័យមានជ័យ និងសាកលវិទ្យាល័យជាស៊ីមកំចាយមារ។

លោកស្រី សៀង ឯមទទឹម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបាត់ដំបង បានចូលរួមជាគណៈអធិបតីក្នុងកម្មវិធីបើក-បិទ និងចែកវិញ្ញាបណ្ណបត្រដល់វាគ្មិន និងសិក្ខាកាម។

ការបណ្តុះបណ្តាលនេះ មានគោលបំណងចម្បងក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ដែលទទួលបានពីសាកលវិទ្យាល័យជាដៃគូអឺរ៉ុប (សាធារណៈរដ្ឋឆែក អ៊ីស្តូនៀ និង សាធារណៈរដ្ឋបារាំង)ដល់បុគ្គលិកសិក្សា និងរដ្ឋបាលនៅក្នុងសាកលវិទ្យាល័យបាត់ដំបង សាកលវិទ្យាល័យមានជ័យ និងសាកលវិទ្យាល័យកម្ពុជាដទៃទៀត។

សិក្ខាកាមដែលបានទទួលការបណ្តុះបណ្តាល នៅក្នុងប្រទេសកម្ពុជា និងអឺរ៉ុប ត្រូវចូលរួមផ្តល់ការបណ្តុះបណ្តាល ដល់បុគ្គលិកដទៃទៀត នៅក្នុងសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា។

សូមគូសបញ្ជាក់ដែរថា គម្រោងតាមរយៈកិច្ចសហប្រតិបត្តិការសិក្សា ឆ្ពោះទៅរកសមត្ថភាពនវានុវត្តន៍ (តាកតិក) មានគោលបំណងអភិវឌ្ឍសមត្ថភាពស្ថាប័នឧត្តមសិក្សា នៅក្នុងប្រទេសកម្ពុជា ម៉ុងហ្គូល និង វៀតណាម ដើម្បីធ្វើទំនើបកម្ម ការគ្រប់គ្រងសាកលវិទ្យាល័យ និងការធ្វើអោយប្រសើរនូវសេវាកម្ម និងនីតិវិធីស្របជាមួយស្តង់ដារឈានមុនរបស់សហគមន៍អឺរ៉ុប។

គម្រោងនេះមានរយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមចាប់តាំងពីឆ្នាំ ២០១៥ ដល់ ២០១៨ នេះ។ នៅក្នុងគម្រោងដ៏សំខាន់នេះ មានសាកលវិទ្យាល័យអាស៊ីចំនួន ៦ រួមមាន សាកលវិទ្យាល័យបាត់ដំបង សាកលវិទ្យាល័យមានជ័យ សាកលវិទ្យាល័យជាតិម៉ុងហ្គោល សាកលវិទ្យាល័យមនុស្សសាស្រ្ត សាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាហាណូយ និងសាកលវិទ្យាល័យបច្ចេកវិទ្យាក្រុងហូជីមិញ៕