(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន២៦១នាក់ ស្ថិតនៅសង្កាត់-ក្រុងប៉ោយប៉ែត ត្រូវបានប្រកាសឱ្យចូលជាសមាជិក សមាជិកា ពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា។ ពិធីប្រកាសបញ្ចូលសមាជិកសមាជិកាថ្មីនេះ បានធ្វើឡើងក្រោមវត្តមាន លោក ម៉ែន សុភ័ណ អនុប្រធានគណបក្សប្រជាជនកម្ពុជា។

លោក ម៉ែន សុភ័ណ បានអបអរសាទរ និងស្វាគមន៍អតីតសមាជិកគាំទ្របក្សប្រឆាំង២៦១នាក់ ដោយពួកគាត់បានយល់ច្បាស់ ពីគោលនយោបាយដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ហើយបានសម្រេចចិត្ត មកចូលរួមរស់ជីវភាព នយោបាយជាមួយបក្ស CPP នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខណៈដែលមេបក្សពួកគាត់ បានរួមគំនិតជាមួយបរទេសក្បត់ជាតិ ត្រូវបានរំលាយចោលដោយតុលាការកំពូល តាមច្បាប់គណបក្សរបស់ប្រទេសកម្ពុជា។

លោកបានបន្តថា គោលនយោបាយគណបក្ស CPP បានដាក់ចេញនូវគោលនយោបាយថ្មីៗ បក្ស CPP ដែលជាទិសដៅធំធ្វើ ឱ្យការគ្រប់គ្រងការងារបក្សខេត្ត ស្រុក-ឃុំ-ភូមិ យកទៅអនុវត្តតាមស្ថានភាពជាក់ស្តែង នៅតាមមូលដ្ឋានក្នុងខ្លឹមសារ ចំណុចសំខាន់បំផុតមួយ (បានណែនាំថាគ្រប់ក្រុមការងារគ្រប់ថ្នាក់ គ្រប់ផ្នែក សូមខិតខំរួមសាមគ្គីគ្នា ជាមួយសមាជិក សមាជិការបក្ស) នាំគ្នាថែរក្សាសុខសន្តិភាព ឱ្យបានគង់វង្សតទៅ។

លោកបានបន្ថែមថា ស្ថានភាពនយោបាយនៅកម្ពុជាបច្ចុប្បន្ន ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្ស CPP បានដឹកនាំនិងរៀបចំប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ធ្វើ ឱ្យប្រជាពលរដ្ឋកាន់តែសម្បូរណ៍សប្បាយជាកត្តាទាំងអស់នេះ ហើយដែលធ្វើឱ្យបងប្អូនអតីតសមាជិកគាំទ្របក្សប្រឆាំង បានមើលឃើញពីគោលនយោបាយ ត្រឹមត្រូវរបស់គណបក្ស CPP ក៏បានសម្រេចចិត្ត មកចូលរួមរស់ជីវភាពនយោបាយជាមួយយើងវិញ។

ឧបាយកលបក្សប្រឆាំងមានទស្សនៈវាយប្រហាមកលើរាជរដ្ឋាភិបាល ដោយលើកឡើងតែពាក្យដដែលៗ បំភ្លើសពីការពិតបានធ្វើរូបភាព សោកនាដកម្មក្លែងក្លាយ ប្រឌិតរឿងឡើងបង្កើតព្រឹត្តការណ៍មួយ យកដើម្បីសម្លាប់ព្រឹត្តការណ៍មួយទៀត នេះជាសង្រ្គាមចិត្តសាស្រ្ត ជាមនោគមវិជ្ជា មួយពុំមានរូបរាង្គតែជាឧបាយកល ដែលមានគោលបំណងជាក់លក្ខណ៍ ហើយបក្សប្រឆាំងបានធ្វើអ្វីៗ ខុសច្បាប់ដោយមានការបង្គាបបញ្ជាពីបរទេស ហើយបរទេសចង់បានឈរជើងនៅកម្ពុជានិងចង់ឱ្យកម្ពុជាវិល ទៅរកទស្សវត្តន៍ឆ្នាំ១៩៧០។

លោកបានបញ្ជាក់ពីប្រវត្តិសាស្រ្តប្រទេសកម្ពុជាកន្លងមក ដោយមានទំនាស់ផ្ទៃក្នុង ធ្វើឱ្យកើតមានសង្រ្គាមស៊ីវិលជាបន្តបន្ទាប់ពីរបបមួយ ទៅរបបមួយទៀត នាំឱ្យប្រទេសជាតិខ្ទេចខ្ទាំទាំងស្រុងដូចជា៖ ឆ្នាំ១៩៧០ របប លន់ នល់ ផ្តួលរបបសង្គមរាស្រ្តនិយម, ឆ្នាំ១៩៧៥ របប ប៉ុល ពត បានផ្តួលរបប លន់ នល់, លុះឆ្នាំ១៩៧៩ គណបក្ស CPP បានរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ ដោយបានកសាង និងអភិវឌ្ឍន៍ជាតិ ឱ្យមានការរីកចម្រើនដល់បច្ចុប្បន្ន៕