(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះថា ក្រុមការងារដោះស្រាយផលប៉ះពាល់អគ្គិសនីកម្ពុជា  រួមជាមួយក្រុមការងារខេត្តកំពង់ចាម បានបន្តចុះដោះស្រាយផលប៉ះពាល់ការតបណ្តាញអគ្គិសនី តង់ស្យុង២៣០គីឡូវ៉ុល នៅអនុស្ថានីយ៍កំពង់ចាម ជាលទ្ធផលមានការព្រមព្រៀង ចំនួន៥គ្រួសារ ដែលពូកគាត់បានសម្រេចយកសំណង។

លោកអភិបាលខេត្តបានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋទាំង៥គ្រួសារនោះរួមមាន៖
*នៅភូមិកំពង់ត្រុំលើ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម មាន៣គ្រួសារ គឺលោក យាយ ឌុយ ឆៃឡាំង, លោក ភួន វ៉ាន់ នី និងលោក ប៉េងសុខុម
*នៅភូមិក្រឡា ឃុំអំពិល ស្រុកកំពង់សៀម មាន២គ្រួសារ គឺលោកយាយ មិន សំអឿន ដោយមានកូនឈ្មោះ យឿន ធី មកចូលដោះស្រាយជំនួស និងលោកស្រី លី ចាន់ធីតា។

បើតាមលោក គួច ចំរើន ចំពោះប្រជាពលរដ្ឋមិនទាន់ព្រមព្រៀង ទាំងនៅស្រុកកំពង់សៀម និងក្រុងកំពង់ចាម ក្រុមការងារយើង នឹងនៅបន្តដោះស្រាយជូនតាមគោលការណ៍ជាបន្តទៀត។ រដ្ឋបាលខេត្តកំពង់ចាម ក៏សូមអញ្ជើញ បងប្អូនចូលរួមសហការជាមួយក្រុមការងារយើងខ្ញុំ ចាប់ពីថ្ងៃស្អែកបន្តទៀត ដោយមានមានលេខទូរស័ព្ទទំនាក់ទំនង៖ 012 425 368, 012 754 211 និង012 272 704។

សូមបញ្ជាក់ថា អគ្គិសនីកម្ពុជា (EDC) នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីបំភ្លឺ និងពន្យល់យ៉ាងលម្អិតជំរុញករណីប្រជាពលរដ្ឋខេត្តកំពង់ចាម តវ៉ារឿងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីឆ្លងកាត់ និងប៉ះដីរបស់ពួកគាត់ ដោយអគ្គិសនីកម្ពុជា បានបញ្ជាក់ជូនថា មានតែប្រជាពលរដ្ឋ៨គ្រួសារប៉ុណ្ណោះ នៅមិនទាន់ដោះស្រាយបញ្ចប់ មិនមែនមានប្រជាពលរដ្ឋរហូតដល់៣០គ្រួសារ ដូចការចុះផ្សាយ និងសេចក្តីរាយការណ៍មួយចំនួននោះទេ៕