(ភ្នំពេញ)៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងលោករដ្ឋមន្ត្រី ថោង ខុន បានបើកវគ្គបណ្តុះបណ្តាលវិក្រឹត្យការ លើជំនាញស្ប៉ា និងសុខុមាលភាព ដើម្បីលេីកកម្ពស់ជំនាញស្ប៉ា និងសុខុមាលភាពស្តង់ដាអាស៊ាន។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) រាជធានីភ្នំពេញ ដែលមានការចូលរួមពីម្ចាស់អាជីវកម្មស្ប៉ា និងសុខុមាលភាព អ្នកជំនាញស្ប៉ា មន្ត្រីបច្ចេកទេស សិស្ស និស្សិតប្រមាណ១០០នាក់។

វគ្គបណ្ដុះបណ្ដាលនេះដែរ គឺដើម្បីជំរុញការបណ្តុះបណ្តាលអ្នកជំនាញស្ប៉ា និងសុខុមាលភាព ឲ្យទទួលបានចំណេះដឹង ជំនាញ និងឥរិយាបទខ្ពស់ ក្រសួងទេសចរណ៍ បានបង្កើតស្តង់ដាកម្មវិធីបណ្តុះបណ្តាលរួម ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈម៉ាស្សា និងផ្តល់ជំនាញបន្ថែមដល់អ្នកជំនាញម៉ាស្សា ស្របតាមស្តង់ដាជាតិ ដែលនឹងឆ្លើយតបទៅនឹងស្តង់ដាអាស៊ាន។

កន្លងមកក្រសួងទេសចរណ៍បានយកចិត្តទុកដាក់ ធ្វើការបណ្តុះបណ្តាល អ្នកជំនាញស្ប៉ា និង សុខុមាលភាព បានប្រមាណជាង១០០០នាក់ រួចហើយនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយផ្តល់សេវាកម្មប្រកបដោយភាពពេញចិត្ត និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។

វគ្គបណ្តុះបណ្តាលវិក្រឹត្យការនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងខិតខំបណ្តុះបណ្តាលជំនាញថ្មីៗបន្ថែមទៀត ដល់អ្នកកំពុងបម្រើការងារក្នុងសេវាកម្មស្ប៉ា និងសុខុមាលភាព ទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ ពីលើជំនាញដែលមានស្រាប់ ធ្វើយ៉ាងណាសម្រេចឱ្យបានតាមគោលដៅដូចតទៅ៖

•  ឆ្នាំ២០២០ ទេសចរណ៍កម្ពុជា នឹងសម្រេចបាននូវការងារដោយធ្វើការបណ្តុះបណ្តាល និងវាយតម្លៃ អ្នកជំនាញទេសចរណ៍កម្ពុជា បានចំនួន៥០%។

•  ឆ្នាំ២០២៥ ទេសចរណ៍កម្ពុជា នឹងសម្រេចបាននូវការងារដោយធ្វើការបណ្តុះបណ្តាល និងវាយតម្លៃ អ្នកជំនាញទេសចរណ៍កម្ពុជា បានចំនួន១០០% ដោយចូលរួមជម្រុញផ្សព្វផ្សាយយុទ្ធនាការ បុគ្គលិកម្នាក់ ជំនាញមួយ។

•  ឆ្នាំ២០៣០ ទេសចរណ៍កម្ពុជា នឹងចូលរួមសម្រេចគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ SDGs ចំណុចលេខ ៤ និង ៨។

សូមរំលឹកផងដែរថា ជាមួយនឹងកំណើនទេសចរជាតិ និងអន្តរជាតិ ដ៏ខ្លាំងក្លា នាប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យទេសចរណ៍ បានបង្កើតការងារផ្ទាល់បានប្រមាណ ៦២ ម៉ឺននាក់ ស្មើនឹង១៣% នៃការងារសរុប ហើយនៅក្នុងឆ្នាំ២០២០ និងបង្កើតការងារផ្ទាល់បានប្រមាណ ជិត១លាននាក់ និង ២០២៥ ជិត ១.២លាននាក់ និង ឆ្នាំ២០៣០ បានចំនួន ២លាននាក់ ដោយមិនគិតពីការងារដោយប្រយោល រាប់សិបម៉ឺននាក់ទៀត៕