(ឧត្តរមានជ័យ)៖ ទំនប់បង្ហៀរទឹកដ៏ធំមួយនេះស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ តម្លៃជាង១លានដុល្លារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់បងប្អូនប្រជាកសិករនោះ សម្រេចបានប្រមាណ ៩០ភាគរយហើយ។

ទំនប់បង្ហៀរទឹកនេះ នឹងមានសមត្ថភាពស្តុកទឹកសម្រាប់ផ្គត់ផ្គង់ឲ្យការងារបង្កបង្កើនផលស្រូវលើផ្ទៃដីរហូតដល់ ៦,០០០ហិកតា និងសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់។ ក្រៅពីបង្កើនសមត្ថភាពស្តុកទឹកហើយនោះ សំណង់បង្ហៀរថ្មីនេះ ក៏នឹងក្លាយទៅជាផ្លូវគមនាគមន៍តភ្ជាប់ពីឃុំត្រពាំងតាវ ទៅកាន់ឃុំលំទង ស្រុកអន្លង់វែងផងដែរ។

លោក គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់ទំនប់បង្ហៀរទឹកមួយនេះ។ លោក គន់ គីម ជួសមុខឲ្យប្រជាពលរដ្ឋក្នុងស្រុកអន្លង់វែង បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានសាងសង់ទំនប់បង្ហៀរទឹកមួយនេះ។

លោក គន់ គីម បានថ្លែងថា ទំនប់បង្ហៀរទឹកនេះជាអំណោយដ៏ថ្លៃថ្លាសម្រាប់ប្រជាពលរដ្ឋនៅអន្លង់វែង ដើម្បីឆ្លើយតបតម្រូវការទឹកក្នុងការបង្កបង្កើនផល។ លោក គន់ គីម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានគិតគូរ និងយកចិត្តទុកដាក់ជានិច្ចដល់វិស័យកសិកម្ម និងការបង្កបង្កើនផល ហើយតាមរយៈការសាងសង់ទំនប់បង្ហៀរទឹកនេះ នឹងជួយឲ្យការបង្កបង្កើនកាន់តែល្អប្រសើរ៕