(ភ្នំពេញ)៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដាស់តឿនដល់និស្សិតទាំងអស់ ត្រូវយកចំណេះវិជ្ជាដែលខ្លួនមានទៅប្រើប្រាស់ ដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារ សម្រាប់សង្គមកម្ពុជា និងសម្រាប់ពិភពលោក។

ការលើកឡើងរបស់លោក អ៊ុក រ៉ាប៊ុន បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យអន្តរជាតិ សរុបចំនួន៣៩០នាក់ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានឲ្យដឹងថា ឈរលើទស្សនវិស័យនៃការអភិវឌ្ឍប្រទេស រាជរដ្ឋាភិបាលបានចាត់ទុកវិស័យអប់រំ ជាកូនសោរគន្លឹះចាំបាច់នៃការជំរុញកំណើនអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ នោះគឺការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សម្ថភាព ដែលត្រូវធ្វើកំណែទម្រង់ពីបរិមាណឆ្ពោះទៅរកគុណភាព។

លោកបានបន្តថា អនុវត្តតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអប់ យុវជន និងកីឡា បានដាក់ចេញនូវវិធានការទាំង៨ រួមមាន៖ ១.ការបង្កើតគុណភាព និងប្រសិទ្ធភាពនៃការអប់រំ, ២.ការពង្រឹងការគ្រប់គ្រងបុគ្គលិក, ៣.ការពង្រឹងការប្រឡងគ្រប់ប្រភេទ, ៤.ការកែទម្រង់ឧត្តមសិក្សា, ៥.ការអរភិវឌ្ឍន៍សម្រាប់យុវជននូវជំនាញបច្ចេកទេស និងជំនាញទន់, ៦.ការអនុវត្តស៊ីជម្រៅកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ៧.ការកែទម្រង់ ការងារអប់រំ និងកីឡា និង៨.ការបង្កើតធនាគារខួរក្បាលវិស័យអប់រំ។

លោកបញ្ចាក់បន្ថែមថា ដើម្បីឲ្យការអនុវត្តនូវវិធានការកែទម្រង់វិស័យអប់រំនេះ ជោគជ័យទៅបាន លុះត្រាតែមានការចូលរួមពីខ្លួនយើងម្នាក់ៗ គ្រួសារ សាលារៀន និងសង្គម ដែលមានសិស្សានុសិស្ស និស្សិត គ្រូបង្រៀន មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ចូលរួមទាំងអស់គ្នាក្នុងការអនុវត្តវិស័យកំណែទម្រង់ទាំងអស់នេះ ដើម្បីសម្រេចបាននូវលទ្ធផលថ្មីៗបន្ថែមទៀតក្នុងបុព្វហេតុនៃការអភិវឌ្ឍអប់រំរបស់យើងទាំងអស់គ្នា ដូចមានពាក្យស្លោកថា « អប់រំសម្រាប់ទាំងអស់គ្នា និងទាំងអស់គ្នាសម្រាប់ការអប់រំ»។

ជាមួយគ្នានេះ លោកបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តរជាតិក៏បានឲ្យដឹងដែរថា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយកំណែទំរង់ របស់រាជរដ្ឋាភិបាលកម្ពុជាអាណាត្តិទី៥នេះ សាកលវិទ្យាល័យអន្តរជាតិ បានដាក់ចេញនូវទិសដៅចំនួន៤ រួមមាន៖ ១.ការធ្វើទំនើបកម្មស្ថាប័ន, ២.ការលើកកំពស់គុណភាពអប់រំឧត្តមសិក្សា, ៣.ការលើកកំពស់កិច្ចសហប្រតិបត្តិការជាតិអន្តរជាតិ និង ៤.ការលើកកំពស់កិច្ចការស្រាវជ្រាវវិទ្យាសាស្ត្រ៕