(​ព្រះសីហនុ)៖ អ្នកដឹកបន្លែត្រីសាច់លក់តាមផ្ទះម្នាក់ ​ត្រូវរថយន្ត​​​កុងតឺន័រមួយគ្រឿង​ បុកស្លាប់ភ្លាមៗមួយរំពេច​ នៅ​វេលា​ម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃ​ទី​២៦ ខែ​មិថុនា​​​ ឆ្នាំ​២០១៨​នេះ នៅ​ផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​១៩៨ នៅ​ភូមិ​អូរឧកញ៉ាហេង​ ​ឃុំ​អូរឧកញ៉ាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។

មន្ដ្រីនគរបាល បានឲ្យដឹងថា រថយន្ត​បង្ក​គ្រោះ​ថ្នាក់​ ម៉ាក​ HINO ពណ៌​ ខៀវ​ លេខ​ភ្នំពេញ​3A-5728​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ មានទិសដៅពី​ខេត្តព្រះសីហនុ​ ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ​​ ដល់ចំណុចខាងលើ​ បាន​បុក​ពីខាង​ក្រោយ​ និង​​កិន​ពី​លើ​​ម៉ូតូ​ ម៉ាក​ HONDA WAVE ពណ៌​ក្រហម-ខ្មៅ​ លេខ​ភ្នំពេញ​1A-1722​ បើកបរ​ដោយ​​បុរស​ម្នាក់​​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​​ដឹក​បន្លែ​​ត្រី​សាច់​លក់​តាម​ផ្ទះ​​ បណ្ដាលឲ្យស្លាបភ្លាមនៅកន្លែងកើតហេតុ។

ក្រោយ​កើត​ហេតុ​ អ្នកបើកបរ​រថយន្ត​រត់​គេច​ខ្លួន​បាត់​ស្រមោលពីកន្លែងកើតហេតុ ដោយឡែកជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញ កំពុងទាក់ទងទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕