(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់និស្សិត និងសាធារណជន ដែលបានចូលរួមយ៉ាងច្រើនកុះករ និងដាក់ពាក្យបម្រើការងារនៅប្រាសាក់ ក្នុងការជ្រើសរើសបុគ្គលិកជាលក្ខណៈពិសេស «ដាក់ពាក្យភ្លាម សម្ភាសន៍ភ្លាម» កាលពីថ្ងៃទី ១៦-១៧-១៨ ខែមិថុនា ឆ្នាំ២០១៨ សម្រាប់តួនាទីមន្ត្រីឥណទាន សម្រាប់ម្រើការងារនៅគ្រប់រាជធានីខេត្តទូទាំងប្រទេស កន្លងមកនេះ។

ជាលទ្ធផល ប្រាសាក់ បានទទួលប្រវត្តិរូប និងពាក្យបំពេញការងារពីបេក្ខជនសរុបប្រមាណច្រើនជាង៥០០នាក់ ក្នុងនោះបេក្ខជនចំនួនច្រើនជាង៣០០នាក់ បានជាប់ជាស្ថាពរក្នុងមុខតំណែងជាមន្ត្រីឥណទាន។

អ្នកស្រី ឈន សុគន្ធា នាយិកា នាយកដ្ឋានបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសាក់ បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានមោទនភាព និងថ្លែងអំណរគុណដល់បេក្ខជនទាំងអស់ ដែលបានចាប់អារម្មណ៍ និងដាក់ពាក្យបម្រើការងារនៅប្រាសាក់»

អ្នកស្រីបានបញ្ជាក់បន្ថែមទៀតថា៖ «សម្រាប់និស្សិត និងសាធារណជន ដែលបានខកខានមិនបានចូលរួមក្នុងការជ្រើសរើសលក្ខណៈពិសេសនេះ សូមកុំអស់សង្ឃឹម! ត្រៀមដាក់ពាក្យ និងចូលរួមសម្ភាសន៍ ក្នុងការជ្រើសរើសបុគ្គលិកជាលក្ខណៈពិសេសវគ្គទី២ «ដាក់ពាក្យភ្លាម សម្ភាសន៍ភ្លាម» សម្រាប់តួនាទី មន្ត្រីឥណទាន និងបេឡាធិកា នៅពីថ្ងៃទី៧ និងទី៨ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ នៅតាមបណ្តាខេត្តមួយចំនួនទៀតរួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ កោះកុង ព្រះសីហនុ កំពត និងខេត្តកំពង់ស្ពឺ»

មានឈ្មោះជា «និយោជកនៃជម្រើស» ប្រាសាក់ តែងតែប្រកាន់ខ្ជាប់នូវវប្បធម៌នៃ «ការមិនរើសអើង» និង «បរិយាកាសល្អ» នៅក្នុងការអនុវត្តការងារ។ ប្រាសាក់ បានប្តេជ្ញាខ្ពស់ក្នុងការបង្កើតបរិយាកាសការងារដែលប្រកបដោយភាពរីករាយ ការលើកទឹកចិត្ត ភាពជាអ្នកដឹកនាំ និងមានឱកាសជាច្រើនដែលបុគ្គលិកម្នាក់ៗអាចអភិវឌ្ឍសក្តានុពលរបស់ខ្លួនបានយ៉ាងពេញលេញ។

គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០១៨នេះ ប្រាសាក់មានបុគ្គលិកសរុបចំនួនច្រើនជាង៧០០០នាក់ ក្នុងនោះបុគ្គលិកបម្រើការងារជាមន្ត្រីឥណទានមានចំនួនជិត៤០០០នាក់ និងបេឡាធិការមានចំនួនជិត១២០០នាក់ កំពុងបម្រើការងារនៅតាមបណ្ដាការិយាល័យចំនួន១៧៦ ទូទាំងប្រទេស។ ប្រាសាក់បាននិងកំពុងផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែបមានជាអាទិ៖ សេវាឥណទាន ប្រាក់បញ្ញើសន្សំ ផ្ទេរប្រាក់ ប្តូរប្រាក់ ទិញកាតទូរស័ព្ទ ទូទាត់វិក្កយបត្រទឹកភ្លើង សេវាម៉ាស៊ីនឆូតកាត សេវាធនាគារចល័ត សេវាអេធីអឹម សេវាទូទាត់រហ័ស សេវាបើកប្រាក់បៀវត្សនិងសេវាផ្សេងៗទៀត៕