(កំពង់ឆ្នាំង)៖ លោកស្រី កុប ម៉ារីយ៉ាស់ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាបេក្ខភាពតំណាងរាស្ត្រពេញសិទ្ធិមណ្ឌលកំពង់ឆ្នាំង តំណាង​លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញប្រគល់អណ្តូងទឹកស្នប់ ចំនួន​១៥ របស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) ក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី កុប ម៉ារីយ៉ាស់ បាន​នាំការសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីថ្នាក់ដឹកនាំ ជូនដល់លោកយាយលោកតា អ៊ុពូមីងមា បងប្អូន និងសម្ព័ន្ធយុវជនមុស្លិមកម្ពុជា សាខាខេត្តកំពង់ឆ្នាំង។​

លោកស្រីបេក្ខភាពតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ក៏បានរំលឹកពីថ្ងៃបោះឆ្នោត និងជំរុញអ្នកដែលមានឈ្មោះបោះឆ្នោត សូមកុំភ្លេចបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលឈនៅលេខរៀងទី២០ និងមានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់។

លោកស្រីបន្តថា បោះឆ្នោតជូនគណបក្យប្រជាជនកម្ពុជា គឺមានន័យថាបោះឆ្នោតជូនខ្លួនឯង និងគ្រួសារយើង ដូច្នេះសូមគាំទ្រសម្តេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅអាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ទៀត ដើម្បីរក្សាបាននូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ៕