(បាភ្នំ-ព្រៃវែង)៖ បន្ទាប់ពីចូលរួមប្រជុំការងារនាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ នៅខេត្តព្រៃវែង ក្រោមអធិបតីភាពសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរួចមក នារសៀលថ្ងៃ ដដែល លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានក្រុមការងារចុះជួយស្រុកបាភ្នំ បានឆ្លៀតចុះ ទៅលើកទឹក ចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមួយក្រុម ដែលកំពុងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមភូមិ ទាំង១៤ ក្នុងឃុំបឹងព្រះ។

ក្នុងឱកាសនោះ លោកប្រធានក្រុមការងារ ក៏បានជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋមានជំងឺទាំងចាស់ក្មេង នៅកន្លែងប្រមូលផ្តុំមួយចំនួន ដោយបានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា ដើម្បីចូល រួមថែរក្សាសុខសន្តិភាពនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឲ្យបានគង់វង្ស បង្កលក្ខណៈឲ្យប្រទេសជាតិ មានការ អភិវឌ្ឍរីកចំរើនជារៀងរហូតបន្តទៅទៀត។

ក្នុងពេលជួបសំណេះសំណាលនោះដែរ ប្រជាពលរដ្ឋជាច្រើន បានលើកឡើងនូវសំណូមពរ និងការត្អួញត្អែរអំពីបាតុភាពខុសធម្មតាកើតឡើងកន្លងមក ក្នុងមូលដ្ឋាន ភូមិ ឃុំ របស់ពួកគាត់ ដែលបង្កដោយក្រុមហ៊ុនឯកជនមួយចំនួន ជ្រកក្រោមស្លាកជាក្រុមហ៊ុនផ្សព្វផ្សាយ និងលក់អាហារបំប៉ន តែបែរជាទៅធ្វើសកម្មភាពឃោសនា បន្លាច បំភ័យ ដើម្បីបោកបញ្ឆោតអ្នកជំងឺ និងអ្នកសង្ស័យថាមានជំងឺ តាមរយៈការប្រើប្រាស់ម៉ាស៊ីនកុំព្យុទ័រ និងឧបករណ៍ធ្វើតេស្តិ៍រករោគវិនិច្ឆ័យជំងឺ បន្លំខ្លួនជា គ្រូពេទ្យពិនិត្យព្យាបាល ដែលគ្មានលក្ខណៈជំនាញវេជ្ជសាស្រ្តពិតប្រាកដ ហើយចាប់បង្ខំឲ្យអ្នកជំងឺក្រីក្រឲ្យទិញផលិតផលឱសថដែលគ្មានប្រភពច្បាស់លាស់ក្នុងតំលៃថ្លៃកប់ពពក បង្ករការសង្ស័យ និងការថ្នាំងថ្នាក់យ៉ាងស្រួចស្រាលក្នុងចំណោមជនរងគ្រោះ។

ការលើកឡើងអំពីបាតុភាពនេះ ត្រូវបាន បញ្ជាក់ និងផ្ទៀងផ្ទាត់ដោយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អាជ្ញាធរភូមិឃុំ និងមណ្ឌលសុខភាពមូលដ្ឋាន ថាមានកើតឡើងស្ទើរតែគ្រប់ទីកន្លែង ទូទាំងស្រុកតាំងពីកំឡុងខែមេសា ឆ្នាំ២០១៨មកម៉្លេះ។

ឆ្លើយតបចំពោះបញ្ហានេះ លោក ព្រុំ សុខា បានធ្វើការ ណែនាំបងប្អូនប្រជាពលរដ្ឋទាំងនោះ ឲ្យរួបរួមគ្នាផ្តល់ព័ត៌មានបង្ការឲ្យគ្នាទៅវិញទៅមក ដោយសហការជិត ស្និទ្ធិជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសមណ្ឌលសុខភាព និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដើម្បីលើកកម្ពស់ការប្រុងប្រយ័ត្ន ទប់ស្កាត់រាល់អំពើល្មើសច្បាប់ និងអសីលធម៌បែបនេះរបស់ជនខិលខូច និងក្រុមហ៊ុន បោកប្រាស់ កុំឲ្យកើតមានឡើងជាថ្មីទៀត។

ទន្ទឹមនោះ លោកប្រធានក្រុមការងារ ក៏បានសំណូមពរ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចុះជួយអប់រំប្រជាពលរដ្ឋដែលរងគ្រោះជាបន្ទាន់ និងធ្វើរបាយការណ៍ជូនផ្នែក ជំនាញថ្នាក់លើ ដើម្បីពិនិត្យដោះស្រាយតាមសមត្ថកិច្ច ឲ្យបានទាន់ពេលវេលា។