(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកបារាយណ៍ បានក្រើនរំឭកដល់ក្រុមការងារបក្សត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាជំរុញការត្រួតពិនិត្យឯកសារបញ្ជាក់សញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ជូនសមាជិកបក្សដែលគ្មាន ឬបាត់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីឱ្យពួកគាត់មានឯកសារគ្រប់គ្រាន់ក្នុងការបោះឆ្នោត។

ការដាស់តឿនបែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារ របស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបារាយណ៍ និងក្នុងពេលលោកជួបសំណេះសំណាលជាមួយប្រធានក្រុមបក្ស ក្នុងឃុំសូយោង ស្រុកបារាយណ៍ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨។

លោក ថោង ខុន ណែនាំក្រើនរំឭកយ៉ាងដូច្នេះ ក៏ដោយសារការយកចិត្តទុកដាក់ចំពោះសមាជិកគណបក្សប្រជាជនកម្ពុជា ដែលមានសិទ្ធិបោះឆ្នោត តែមិនទាន់ធ្វើ ឬមិនទាន់ទទួលបានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រោះអត្តសញ្ញាណបណ្ណជាវត្ថុដ៏សំខាន់បំផុត បម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ។

ក្រៅពីការណែនាំយ៉ាងម៉ឺងម៉ាត់ដូចខាងលើនេះ លោក ថោង ខុន បានផ្ដល់អនុសាសន៍បន្ថែមមួយចំនួនដល់ប្រធានក្រុមបក្សទាំង១៨ឃុំ នៃស្រុកបារាយណ៍ ក្នុងនោះរួមមាន៖

១៖ ត្រូវត្រៀមមធ្យោបាយ និងសម្ភារៈដើម្បីត្រៀមក្នុងការឃោសនាបោះឆ្នោតដ៏ខ្លីខាងមុខ ដែលប្រព្រឹត្តទៅរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០៧-២៧ ខែកក្កដា ឆ្នាំ២០១៨។

២៖ ត្រូវបន្តរួមគ្នាពង្រីកសមាជិកបក្សថ្មីបន្ថែម សំដៅពង្រីកសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានច្រើន ក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាពេលខាងមុខ។ ម្យ៉ាងទៀត ត្រូវខិតខំបន្តពន្យល់ប្រជាពលរដ្ឋពីការខិតខំស្វែងរកសន្តិភាព រក្សាសន្តិភាព ស្ថិរភាពនយោបាយ ការខិតខំអភិវឌ្ឍន៍ កសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋពីសំណាក់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

៣៖ ប្រធានក្រុមការងារចុះជួយមូលដ្ឋានតាមឃុំ-ភូមិ ត្រូវរៀបចំកែលម្អ និងលើកបន្ថែមនូវស្លាកគណបក្សប្រជាជនកម្ពុជា បដាពាក្យស្លោក និងរូបភាពសមិទ្ធផលនានា នៅតាមទីស្នាក់ការគណបក្ស ក៏ដូចជាតាមទីសាធារណៈឱ្យបានត្រឹមត្រូវតាមការណែនាំ។

៤៖ ត្រូវពន្លឿនការផ្ដល់បណ្ណសមាជិកគណបក្សប្រជាជនកម្ពុជា ជូនសមាជិកបក្សឱ្យបានគ្រប់គ្នា។ ត្រូវខិតខំផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ឆាប់រហ័ស និងមានតម្លាភាព។

ជាមួយគ្នានោះ លោក ថោង ខុន បានកោតសរសើរ និងលើកទឹកចិត្តឱ្យប្រធានក្រុមបក្សទាំងអស់ត្រូវខិតខំធ្វើការងារទាំងឡាយ ដែលគណបក្សបានដាក់ជូនឱ្យទទួលបានលទ្ធផល និងមានប្រសិទ្ធភាពបន្តទៀត៕