(ព្រះវិហារ)៖ មុនថ្ងៃបោះឆ្នោតចូលមកដល់ ក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកសង្គមថ្មី ខេត្តព្រះវិហារ រួមជាមួយប្រធាន-អនុប្រធាន គណបក្សតាមបណ្តាភូមិ ឃុំ ស្រុកទាំងអស់ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ បានបើកប្រតិបត្តិការ ចុះលើកស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា តាមដងផ្លូវសំខាន់ៗ ជាច្រើន និងតាមផ្ទះសមាជិកបក្សផងដែរ។

ប្រតិបត្តិការបង្ហាញភាពខ្លាំង របស់គណបក្សប្រជាជនកម្ពុជា នៅស្រុកសង្គមថ្មីនេះ គឺក្រោមការដឹកនាំរបស់លោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកសង្គមថ្មី តំណាងលោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ព្រមទាំងក្រុមការងារ ចុះជួយស្រុក ឃុំជាច្រើនរូបទៀត។

លោក សំ លាងទ្រី បានថ្លែងថា ស្របពេលការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រអាណត្តិទី៦ ជិតចូលមកដល់នោះ ក្រុមការងារចុះជួយខេត្ត រាជធានី ក្រុង ស្រុក ឃុំ សង្កាត់របស់គណបក្សប្រជាជនកម្ពុជា គឺមានការមមាញឹកខ្លាំងណាស់ ដោយបានប្រុប្រៀបរៀបចំផែនការ និងយុទ្ធសាស្ត្រឆ្ពោះទៅកាន់ការបោះឆ្នោត ដើម្បីដណ្តើមជ័យជំនះ ជូនគណបក្សប្រជាជនកម្ពុជា។

ដោយឡែក សម្រាប់ខេត្តព្រះវិហារ ពិសេសស្រុកសង្គមថ្មី ក្រោមការចង្អុលណែនាំពីសំណាក់លោកប្រធានគណបក្សខេត្ត ក៏ដូចជាការណែនាំរបស់ប្រធានក្រុមការងារថ្នាក់កណ្តាល គឺក្រុមការងារទាំងអស់គ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់ដោយមិនមានការទ្វេសប្រហែសឡើយ។

លោក សំ លាងទ្រី បានបញ្ជាក់ទៀតថា ថ្ងៃនេះស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជាជាច្រើនផ្ទាំង ទាំងតូចទាំងធំ ត្រូវបានចែកជូនក្រុមការងារ តាមឃុំនានាក្នុងស្រុកសង្គមថ្មី លើកឲ្យរួចជាស្ថាពរនៅតាមដងផ្លូវសំខាន់ៗ នានា និងមួយចំនួនទៀត ទុកសំរាប់សមាជិកបក្សរបស់យើង ដែលមានបំណងសុំយកទៅដាក់នៅផ្ទះរបស់គាត់។

លោកបន្តទៀតថា ស្លាកសញ្ញាគណបក្សមួយចំនួន បានមកពីការជួយឧបត្ថម្ភពីសំណាក់លោក អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត។ ហើយការលើកស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា នៅតាមដងផ្លូវសំខាន់នានាជាច្រើន ក្នុងស្រុកសង្គមថ្មីនេះ គឺបានបង្ហាញពីភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយ ក្នុងចំណោមគណបក្សនានា ដែលបានចុះបញ្ជីប្រកួតប្រជែង សំរាប់ការបោះឆ្នោតនាពេលដ៏ខ្លីខាងមុខនេះ៕