(សេអ៊ូល)៖ ក្រុមបាតុករនៃអតីតគណបក្សសង្គ្រោះជាតិប្រចាំកូរ៉េ ទាមទារឲ្យរដ្ឋាភិបាលជប៉ុន កុំទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជា ទាមទារឲ្យដោះលែងលោក កឹម សុខា មិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជា ដែលដឹកនាំដោយ លោកស្រី មួរ សុខហួរ ថ្នាក់ដឹកនាំនៃចលនាសង្រ្គោះជាតិ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នាទីក្រុងសេអ៊ូល ប្រទេសកូរ៉េនោះ មានប្រមាណពី ៨០០នាក់ ទៅ ១,០០០នាក់ ស្មើនឹង ១,៥% ប៉ុណ្ណោះ ក្នុងចំណោមពលរដ្ឋ និងបងប្អូនពលករខ្មែរ ប្រមាណជាង៦ម៉ឺននាក់។ នេះបើតាមការបញ្ជាក់របស់ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតសាធារណរដ្ឋកូរ៉េ។

បើតាមលោក ឡុង ឌីម៉ង់ បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៤​ ខែមិថុនា ឆ្នាំ២០១៨នេះ ឲ្យដឹងថា ពលរដ្ឋខ្មែរច្រើនលើសលប់ ដែលកំពុងរស់នៅធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ ពួកគាត់ រក្សាភាពស្ងៀមស្ងាត់ ខិតខំរកលុយផ្ញើជូនក្រុមគ្រួសាររបស់ពួកគេ នៅស្រុកកំណើត ដោយមិនខ្វាយខ្វល់ពីជនមួយក្តាប់តូច ដែលដឹកនាំចលនាខុសច្បាប់ ធ្វើឲ្យអាប់មុខកិត្តិយសជាតិ ខាតប្រយោជន៍ប្រជាជន និងអាចឈានឲ្យរដ្ឋាភិបាលកូរ៉េ កាត់បន្ដកូតាក្នុងការនាំពលករខ្មែរ មកបំពេញការងារនៅសាធារណរដ្ឋកូរ៉េ។

លោក ឡុង ឌីម៉ង់ បានបន្ថែមទៀតថា ក្រុមបាតុកម្ម មួយចំនួនតូចនេះទៀតសោត គឺធ្វើឡើងពោលពេញ ដោយភាពញុះញ៉ុង ជេរប្រមាថ ចោទប្រកាន់រាជរដ្ឋាភិបាល ដោយគ្មានភស្តុតាង ក្នុងចេតនាផ្ដួលរលំរាជរដ្ឋាភិបាល ស្របច្បាប់។

ឯកអគ្គរាជទូតកម្ពុជា​ ប្រចាំនៅសាធារណរដ្ឋកូរ៉េ បានលើកឡើងថា ចំពោះការជួបជុំខាងលើនេះ ត្រូវបានក្រុមអ្នកវិភាគនយោបាយ ដ៏ស៊ីជម្រៅនៅកម្ពុជា ចៅចាក់ស្មុក បានចាត់ទុកថា «នេះគឺជាបរាជ័យដ៏អាម៉ាស របស់ថ្នាក់ដឹកនាំ ចលនាសង្រ្គោះជាតិនៅកូរ៉េ និងជាពិសេស លោកស្រី មួរ សុខហួរ និងលោក ញ៉យ ចំរើន ដែលខំស្កាត់ពីអាមេរិកមកដល់កូរ៉េ ដើម្បីចូលរួមការពារជនក្បត់ជាតិ កឹម សុខា និងអ្នកនយោបាយមានទោសផ្សេងទៀត»៕