(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំអូរតាគី និងឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង លោក សួស អង្គារ៍ បានប្រាប់ទៅប្រជាពលរដ្ឋមកពី១០ភូមិ ក្នុងឃុំតាម៉ឺនចំនួន ១,៤៧០នាក់ ថា សូមឲ្យពលរដ្ឋទាំងអស់ទៅបោះឆ្នោតបានគ្រប់ៗគ្នា និងប្រាប់ឲ្យចេះគូសសន្លឹកឆ្នោតចំប្រអប់ នៅខាងក្រោមស្តាំដៃ គេមានរូបសញ្ញាទេវតាបាចផ្កា ដែលមានលេខរៀងទី២០ និងបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីសន្តិភាព និងអភិវឌ្ឍន៍កាន់តែខ្លាំងឡើង។

លោក បានលើកឡើងបែបនេះ នៅក្នុងពិធីអញ្ជើញសំណេះសំណាល ជាមួយសមាជិកបក្សទាំងអស់ ក្នុងឃុំតាម៉ឺន ស្រុកថ្មគោល ដោយមានការចូលរួម ពីលោកប្រធាន អនុប្រធានបក្សស្រុក បក្សឃុំ សាខាបក្សភូមិ សកម្មជនបក្ស និងសមាជិកបក្សចូលរួមជាច្រើននាក់ទៀត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ។

លោកឲ្យដឹងថា នៅសល់ជាង១ខែទៀតប៉ុណ្ណោះ គឺដល់ថ្ងៃបោះឆ្នោតថ្នាក់ជាតិ គឺបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ហើយ ទើបក្រុមការងារ បានចុះជួបសំណេះសំណាល និងបង្រៀន ប្រជាពលរដ្ឋទាំងអស់ បានយល់និងចេះគូសលើសន្លឹកឆ្នោត នៅថ្ងៃបោះឆ្នោត គឺគូសឲ្យចំប្រអប់នៅខាងក្រោមស្តាំដៃគេ មានរូបសញ្ញាទេវតាបាចផ្កា ដែលមានលេខរៀងទី២០ គឺនៅកន្លែងស្រួលគិតគិត ស្រួលចាំ ស្រួលគូស សូមបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីសន្តិភាព និងអភិវឌ្ឍន៍កាន់តែខ្លាំងឡើង។

នៅក្នុងពិធីសំណេះសំណាល និងបង្រៀនឲ្យចេះគូសលើសន្លឹកឆ្នោតនោះផងដែរ លោកប្រធានក្រុមការងារ ក៏បានក្រើនរំលឹកគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចសម្តេចពញាចក្រី ហេង សំរិន, សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សបច្ចុប្បន្ន ដែលមានស្នាដៃដ៏ធំធេងបំផុតចំពោះ ប្រទេសជាតិ និងប្រជាពលរដ្ឋយើង ដែលគ្មានបក្ស ណាយកមកប្រៀបផ្ទឹមបានឡើយ ព្រោះបក្ស CPP ជាអ្នករំដោះប្រទេសជាតិរួចផុត ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីការកាប់សម្លាប់ជាតិឯង និងបានរស់រានមានជីវិត នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ កន្លងមក និងបានខិតខំប្រឹងប្រែងកសាង ការពារ និងអភិវឌ្ឍន៍ជាតិ រហូតដល់សព្វថ្ងៃ បើគ្មានថ្ងៃ៧ មករា ១៩៧៩ទេ គឺគ្មានអ្វីៗទាំងអស់ ដូចសព្វថ្ងៃនេះឡើយ។

លោកប្រធានក្រុមការងារ បានបញ្ជាក់ថា មិនត្រឹមតែប៉ុណ្ណោះបក្ស CPP មានសមិទ្ធិផលជាច្រើនសន្ធឹកសន្ធាប់ ដែលជាស្នាដៃធំធេងរបស់គណបក្ស បានកសាងអភិវឌ្ឍន៍ជូនជាតិ ជូនប្រជាពលរដ្ឋ តាំងពីបាតដៃទទេ រហូត បានរីកចំរើនដល់បច្ចុប្បន្ននេះ ដូច្នេះហើយយើងទាំងអស់គ្នាគួរចងចាំថា យើងមានសព្វថ្ងៃនេះ គឺថ្នាក់ដឹកនាំបានខិតខំប្រឹងប្រែង បានដោយលំបាកណាស់ មិនមែនចាំតែស្រែកឃោសនា កុហកបោកប្រាស់ ប្រជាពលរដ្ឋ ដូចក្រុមជនអគតិប្រឆាំងផ្កាប់មុខនោះឡើយ ដោយមិនបានធ្វើអ្វីសោះ សម្រាប់ប្រយោជន៍ជាតិនិងប្រជាពលរដ្ឋបន្តិចសោះឡើយ អ្នកធ្វើពិតប្រាកដរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ប្រកបដោយសន្តិភាព និងអភិវឌ្ឍន៍គឺជាស្នាដៃរបស់បក្សCPP តែមួយគត់ប៉ុណ្ណោះ។

លោកប្រធាន បានបន្តថា «មិនត្រឹមតែប៉ុណ្ណោះបក្ស CPP បានស្វែងរកសន្តិភាព ការពារសន្តិភាពពិតប្រាកដ បានបង្រួបបង្រួមជាតិ ក្នុងគោលនយោបាយឈ្នះឈ្នះ រួបរួមគ្នាខ្មែរក្រោមដំបូលតែមួយ ដោយមិនឲ្យមានសង្រ្គាម តាមរយៈបដិវត្តន៍ពណ៌ មាននៅកម្ពុជាបានជាដាច់ខាត។ ចំណែកពួកអគតិប្រឆាំងផ្កាប់មុខនោះ បានត្រឹមមានការញុះញង់ឲ្យប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាល បំផ្លិចបំផ្លាញសន្តិភាព ចង់ផ្តួលរាជរដ្ឋាភិបាលកម្ពុជា ដោយបានឃុបឃិតជាមួយបរទេសក្បត់ជាតិ និងប្រជាពលរដ្ឋខ្លួនឯងប៉ុណ្ណោះ»។

លោកប្រធាន បានអំពាវនាវថា សូមបងប្អូនប្រជាពលរដ្ឋ ពិសេសសមាជិកបក្សប្រជាជន នៅមូលដ្ឋានយើង បន្តគាំទ្របោះឆ្នោតជូនបក្សប្រជាជន ដើម្បីទទួលបានជ័យជំនះ នៅថ្ងៃបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ សូមបងប្អូនអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ដើម្បីជូនសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសកសាង និងអភិវឌ្ឍន៍ជាតិកាន់តែរីកចំរើនបន្ថែមទៀត។

លោកប្រធានក្រុមការងារ បានបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្ស CPP និងប្រជាពលរដ្ឋយើងនាំគ្នាថែរក្សាសន្តិភាពទាំងអស់គ្នា ឲ្យបានគង់វង្សយូរអង្វែង ហើយបើចង់បានសន្តិភាពរហូតនោះ គឺយើងត្រូវបោះឆ្នោតជូនបក្ស CPP ទើបមានសន្តិភាពពិតប្រាកដ ដើម្បីបន្តអភិវឌ្ឍន៍ជូនប្រជាពលរដ្ឋមានការរីកចំរើនតទៅ។ ក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារ បានជូនថវិកាកំដរដៃ អ្នកចូលរួមទាំងអស់ ក្នុងម្នាក់ៗបាន១ម៉ឺនរៀល និងប៊ីចេង១ថង់ស្មើ នឹងកន្លះគីឡូក្រាមផងដែរ៕