(កំពង់ស្ពឺ)៖ លោក ឆាយ ថន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធីបតីភាព ក្នុងពិធីបញ្ចូលសមាជិក-សមាជិកាបក្សថ្មី ចំនួន១៦ភូមិ ក្នុងចំណោម២០ភូមិ នៃឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានចំនួន៤៥៧នាក់ ស្រី២៣៨នាក់ ដែលភាគច្រើន មកពីអតីតសមាជិកគណបក្សសង្គ្រោះជាតិ។

ថ្លែងក្នុងឱកាសនេះ លោក ឆាយ ថន បានថ្លែងថា ក្នុងនាមលោកផ្ទាល់ ក៏ដូចជាក្នុងនាមគណបក្សប្រជាជនកម្ពុជា មានក្តីរីករាយ និងសូមស្វាគមន៍ដល់បងប្អូនអតីតសមាជិក សមាជិកានៃបក្សផ្សេងៗ ដែលបានសុំមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមជាមហាគ្រួសារខ្មែរតែមួយ អនាគតតែមួយ។

លោកបានបន្តថា ការសម្រេចចិត្តរបស់បងប្អូនសមាជិក-សមាជិកា ពិតជាត្រឹមត្រូវ ហើយតាមរយៈការប្តេជ្ញាចិត្តរបស់បងប្អូន ចំពោះគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ ក៏ព្រោះតែបងប្អូនបានយល់ឃើញ ពីតម្លៃពិតសច្ចភាព ពិត ការកសាងអភិវឌ្ឍជាតិពិតៗ របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំកម្ពុជា រក្សាបាននូវសុខសន្តិភាពពេញលេញ កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍលើគ្រប់វិស័យ។

លោកថា មិនដូចគណបក្សមួយចំនួននោះ ចេះតែភូតភរ កុហកបោកប្រាស់ ប្រជាជនពលរដ្ឋឡើយ និងកុំនៅអែលអង់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ បងប្អូនទាំងអស់គ្នា ត្រូវទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី២០ ទាំងអស់គ្នា។

លោកក៏បានផ្តាំផ្ញើដល់សមាជិក-សមាជិកា ដែលបានសុំមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជានាថ្ងៃនេះ សូមមានភាពស្មោះត្រង់នឹងគ្នា ចូលរួមរក្សាឯកភាព សាមគ្គីភាពផ្ទៃក្នុង គោរពឲ្យបានម៉ឹងម៉ាត់ តាមលក្ខន្តិកៈ របស់បក្ស និងរួមរស់ជាមហាគ្រួសារបក្សតែមួយ ខ្មែរតែមួយ ក្នុងសុខសន្តិភាពជានិច្ចនិរន្ត៍។

ជាមួយគ្នានោះ លោក ឆាយ ថន ក៏បានផ្តល់ជូននូវវត្ថុកំដរដៃ ជាសារ៉ុងម្នាក់មួយ ដល់សមាជិក-សមាជិកាបក្ស និងអាហារសម្រន់ជានំប៉័ង និងទឹកបរិសុទ្ធផងដែរ៕