(ស្វាយរៀង)៖ ក្នុងពិធីសម្ពោធមហាកុដិសមិទ្ធផលនានា ក្នុងវត្តព្រៃគគីរដួច ស្ថិតនៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ លោក លី យូគៀក តំណាងលោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងថា ទីវត្តអារាម គឺជាកន្លែងធ្វើបុណ្យ ធ្វើទាន របស់ពុទ្ធបរិស័ទ និងជាថ្នាលបណ្ដុះបណ្ដល ដល់ធនធានមនុស្ស។

ពិធីសម្ពោធមហាកុដិសមិទ្ធិផលនានា ក្នុងវត្តព្រៃគគីរដួច ខាងលើនេះ ក៏មានការអញ្ជើញចូលរួមពី លោក តូច តារ៉ា និងលោកស្រី ព្រមទាំងប្រជាពលរដ្ឋ ប្រមាណជិត៥០០នាក់ផងដែរ។

លោក លី យូគៀក ក៏ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុកពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូល។

លោកបន្តទៀតថា ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ បានដឹកនាំប្រទេស ឲ្យមានការអភិវឌ្ឍ លើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រ។ តួរយ៉ាងដូចជាពេលនេះ ដែលប្អូនប្រជាពលរដ្ឋទាំងអស់ នៅស្រុកចន្ទ្រាឃើញស្រាប់ហើយ នូវសមិទ្ធផលជាច្រើនឥតគណនា នៅទូទាំងស្រុក ក៏ដូចនៅទីអារ៉ាមមួយនេះផងដែរ។

លោក លី យូគៀក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួមគ្នា ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ថែរក្សាស្ថេរភាពនយោបាយ ថែរក្សាការពារនូវសមិទ្ធិផល ដែលបានពីការខិតខំរបស់រាជរដ្ឋភិបាល កម្ពុជា។

លោកថ្លែងថា យើងទាំងអស់គ្នា ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខ ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូន គណបក្សប្រជានកម្ពុជា លេខរៀងទី២០ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៅអាណត្តិទី៦ និងអាណត្តិក្រោយៗបន្តបន្ទាប់ ដើម្បីរក្សាសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសជាតិ បន្ថែមជាងនេះទៀត៕