(ពោធិ៍សាត់)៖​ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា​ (ស.អ.ក) ខេត្ត​នេះ និងលោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយស្រុកភ្នំក្រវាញ នាព្រឹកថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០១៨​ បានអញ្ជើញជួបសំណេះសំណាល ​និងបំពាក់មេដាយការពារជាតិ ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា​ស្រុកភ្នំក្រវាញ ចំនួន៨៦៣នាក់​ នៅស្នាក់ការគណបក្សស្រុក។

ក្រោយពីបានស្តាប់នូវរបាយការណ៍​របស់ប្រធានអនុសាខាសមាគមអតីតយុទ្ធជនកម្ពុជា​ស្រុកភ្នំក្រវាញ​រួចមក លោក ម៉ៅ ធនិន និងលោក ទី នរិន្ទ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ​នឹករលឹក គោរពស្រលាញ់​ពីសំណាក់ សម្តេចតេជោ​ហ៊ុន សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី​ ហ៊ុន​សែន ​ប្រធានកាកបាទក្រហមកម្ពុជា​ ជូនចំពោះបងប្អូនអតីតយុទ្ធជន។

ថ្នាក់ដឹកនាំទាំង២​ បានចាត់ទុកបងប្អូនអតីតយុទ្ធជន​ជាវីរៈជនពិតប្រាកដ ​ដែលបានលះបង់សាច់ស្រស់​ឈាមស្រស់ ដើម្បីជាតិមាតុភូមិ។ ប្រសិនបើគ្មានការចូលរួមចំណែកពលីកម្ម ការពារសុខសន្តិភាព​ពីសំណាក់​អ៊ុ ពូ​មី​ បងប្អូនទាំងអស់គ្នាទេនោះ​យើងទាំងអស់គ្នា ក៏ពុំអាចមានថ្ងៃនេះដែរ​ ដូច្នេះយើងត្រូវរួមគ្នាការពារសុខសន្តិភាព ​ដែលរកដោយលំបាកនេះ​ ឲ្យបានជាដាច់ខាត​ ទោះក្នុងតម្លៃណាក៏ដោយ​មិនឲ្យកម្ពុជា ធ្លាក់ក្នុងភ្លើងសង្គ្រាមវិញ បានឡើយ។​ថ្នាក់ដឹកនាំទាំងទ្វេរ​ ក៏បានជម្រាបជូនអំពីសមិទ្ធផលកំពុងកើតមាន ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់ចំណងដៃជូនប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់។

ថ្នាក់ដឹកនាំទាំង២​ បានផ្តាំផ្ញើដល់សមាគមអតីតយុទ្ធជនគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់​តាមដានពីជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជន ជួយអន្តរាគមន៍ដោយស្រាយសំណូមពរ​ឲ្យទាន់ពេលវេលា​ និងចេះរួម រស់ជាមួយគ្នាដូចគ្រួសារតែមួយ ក្រោមដំបូលតែមួយ និងក្រោមឆ័ត្រតែមួយ ព្រមទាំងបានអំពាវនាវ សូមឲ្យ អ៊ុ ពូ​មី​បងប្អូនទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។

នៅក្នុងឱកាសនោះ លោក ម៉ៅ ធនិន និងលោក​ទី​នរិន្ទ​បានបំពាក់មេដៃជានិមិត្តរូប​មេដៃសំរិទ្ធ១០​ និងមេដៃប្រាក់១០​ និងបានចែកជូនវត្ថុកំដរដៃ ដល់អតីតយុទ្ធជនកម្ពុជា ទូទាំងស្រុកភ្នំក្រវាញ​ចំនួន៨៦៣នាក់​ ក្នុងម្នាក់ៗ ទទួលបានសារុង១ ថវិកា៥ម៉ឺនរៀលផងដែរ៕