(បន្ទាយមានជ័យ​)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ មាល័យ ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដំណើរការជាផ្លូវការ សមាគមមូលនិធិវ៉ាយ អិល ភី (Y.L.P)។

ក្នុងឱកាសនោះ​ ឧបនាយករដ្ឋមន្ដ្រី​ កែ​ គឹមយ៉ាន​ បានថ្លែងថា​ រាជរដ្ឋាភិបាលនដឹកនាំដោយសម្តេចជោ ហ៊ុន​ សែន​ បានបញ្ចប់សង្រ្គាមទាំងស្រុង​ ​ប្រទេសជាតិមានសុខសន្តិភាព​ និងការអភិវឌ្ឍ​គ្រប់វិស័យ​ ហើយសន្តិភាពនេះកើតចេញពីការចូលរួមរបស់ប្រជាពលរដ្ឋ​ អតីតយុទ្ធជន​យកអាយុជិវិតទៅប្តូរ​ ដូចនេះសុខទុក្ខរបស់ពួកគាត់ គឺជាសុខទុក្ខរបស់យើងទាំងអស់គ្នា​ដែលត្រូវរួមគ្នាដោះស្រាយ​ ហើយការជួបជុំគ្នាថ្ងៃនេះ​ដើម្បីប្រមូលផ្តុំនូវកំលាំងសាមគ្គីមនុស្សធម៌។

ការជួបជុំក្នុងរាត្រីនោះ​ មូលនិធិវ៉ាយ អិល ភី (Y.L.P) ប្រមូលបានថវិកាសរុប​ប្រមាណ ១ពាន់លានរៀល​ ស្មើប្រមាណ២៥ម៉ឺនដុល្លារ ដែលបានមកពីសមាជិកទាំងបីប្រភេទ​គឺ៖ សមាជិកស្ថាបនិក​ គឺជាសមាជិកដែលត្រូវចូលរួមវិភាគទានចាប់ពី៣០០០ដុល្លារឡើងទៅ, សមាជិកកិត្តិយស ​គឺជាសមាជិកដែលត្រូវចូលរួមវិភាគទានចាប់ពី៥០០ដុល្លារឡើងទៅ និងសមាជិកគាំទ្រ ​គឺជាសមាជិកដែលត្រូចូលរួមវិភាគទានចាប់ពី១ម៉ឺនរៀលឡើងទៅ​។ ការចូលរួមជាសមាជិកមូលនិធិនេះ នឹងបន្តដល់ថ្ងៃទី២៣​ ខែកញ្ញា​ ឆ្នាំ២០១៨​។

សូមបញ្ជាក់ថា មូលនិធិវ៉ាយ អិល ភី (Y.L.P) ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ​ ម៉ាល័យ​ ព្រមទាំងក្រុមគ្រួសារ​ ក្នុងគោលបំណងជួយទ្រទ្រង់ និងដោះស្រាយបញ្ហាប្រជាពលរដ្ឋជូបការលំបាកងាយរងគ្រោះក្នុងខេត្ត និងចូលរួមចំណែកកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ គ្រប់ពេលវេលាជាមួយអាជ្ញាធរមូលដ្ឋាន៕