(ត្បូងឃ្មុំ)៖ ឆ្លៀតពេលទំនេរពីការងាររាជការដ៏មមាញឹក លោក​ សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាន​ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក​អូររាំងឪ​​ ខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃ​​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០១៨នេះ បានចុះពង្រឹងសកម្មភាពបក្សជាមួយសមាជិក-សមាជិកាបក្សមកពីភូមិចំនួន៤ នៅឃុំទួលសូភី ស្រុកអូររាំងឪ​ ព្រមទាំងបាននាំយកអំណោយរបស់លោក ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន២គ្រួសារផងដែរ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក​ ឡាន់​ ឆន​ សមាជិកព្រឹទ្ធសភា​ និងជាអនុប្រធាន​ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ លោក​ តាំង​ ម៉េង​រ៉ាត់​ ប្រធានក្រុមការងារ​យុវជនគណបក្សស្រុក ​លោក​ លី​ អ៊ាមឡាក់​ និងលោក​ វ៉ា​ ចាន់ថេត​ អនុប្រធា​ន​ក្រុមការងារចុះជួយឃុំទួលសូភី ​ព្រមទាំងអនុប្រធាន​សមាជិក​ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក​ គណៈកម្មការ​គណបក្សស្រុក​ និងគណបក្សឃុំទួលសូភី​ សរុបប្រមាណ៨០០នាក់។

​ក្នុងឱកាសនោះ លោក សាយ សំអាល់ ​ក៏បានឧបត្ថម្ភថវិកាជូនសមាជិក-សមាជិកា​បក្សដែលអញ្ជើញមកពីភូមិទាំង៤ខាងលើ​ ក្នុងម្នាក់ចំនួន​ ២០,០០០រៀល​ផងដែរ។

បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាលជាមួយសមាជិកបក្សរួចមក លោក សាយ សំអាល់ ក៏បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់លោក ហ៊ុន​ ម៉ាណែត​ តាមរយៈក្រុមការងារជនបង្គោលស្រុកអូររាំងឪ​ ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន​ ២គ្រួសារ នៅឃុំទួលសូភី ក្នុងនោះរួមមាន៖ នៅភូមិថ្មីសែនជ័យចំនួន​ ១គ្រួសារ និងនៅភូមិ៥៤ ចំនួន១គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន​ អង្ករ​ ២០គីឡូក្រាម ក្រមា​ ១ ប្រេងកូឡាតាប៉ិ​២ដប ជាមួយនឹងថវិកាចំនួន​ ៧០,០០០រៀល៕