(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានបើកការ​ដ្ឋានជួសជុលផ្លូវបេតុងឆ្អឹងដែកមួយខ្សែ មានប្រវែង៤០០ម៉ែត ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ។

ពិធីបើកការដ្ឋានខាងលើនេះ ​​ក៏មានការចូលរួមពីលោក ឃឹម ស៊ុន សូដា ជាអភិបាលរងខណ្ឌ, លោក គិត វណ្ណៈ អធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ, លោក ចាន់ វណ្ណធូ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ព្រមទាំង​លោក លោកស្រីជាមន្ត្រីសាលាខណ្ឌ សង្កាត់ ភូមិ និងប្រជាពលរដ្ឋជាច្រើន​ផងដែរ។

ក្នុងឱកាសនោះ​​ លោក ហែម ដារិទ្ធិ បានលើកឡើងថា ផ្លូវដែលបើកការដ្ឋានជួសជុលនេះ គឺចាក់បេតុងឆ្អឹងដែកមានប្រវែង៤០០ម៉ែត្រ ទទឹង៥ម៉ែត ដែលជាមូលនិធិរបស់សាលាខណ្ឌពោធិ៍សែនជ័យ​។ លោក​បន្ថែមថា ការស្ថាបនាផ្លូវខាងលើ ​ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋកាន់តែ​ងាយស្រួលធ្វើដំណើរឆ្ពោះ ពីតំបន់មួយទៅតំបន់មួយ ជាពិសេសដើម្បីស្របតាម​អនុសាសន៍ ថ្នាក់ដឹកនាំប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានប្រាប់ប្រជាពលរដ្ឋសូមកុំភ្លេចទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាង​រាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០១៨ខាងមុខនេះឲ្យ​បានគ្រប់គ្នា៕​