(ភ្នំពេញ)៖ ក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ អញ្ជើញចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកមិត្ដភាព កម្ពុជា-ចិន នៅខណ្ឌសែនសុខ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារថា្នក់ជាតិ នៃរាជរដ្ឋាភិបាល ចុះជួយខណ្ឌសែនសុខ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងប្ដេជ្ញាបន្ដបង្ខិតសេវាពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ឲ្យកាន់តែជិតផ្ទះ និងប្រកបដោយប្រសិទិ្ធភាពខ្ពស់ ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ក្នុងនាមយើងជាមន្ដ្រី លោកគ្រូ អ្នកគ្រូពេទ្យ ប្ដេជ្ញាបំពេញនូវកាតព្វកិច្ច ជាអ្នកបម្រើសេវាព្យាបាលជូនប្រជាពលរដ្ឋ ប្រកបដោយសមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីផ្ដល់សេវាមួយនេះឲ្យកាន់តែប្រសើរ ដូច្នេះ ប្រសិនបើបងប្អូនមានសុខភាពមិនសូវស្រួល សូមមកទទួលសេវាពិនិត្យ ២៤ម៉ោង/២៤ម៉ោង នៅតាមមន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដែលនៅជិតផ្ទះលោកតា លោកយាយ ពូមីង បងប្អូនដែលនៅក្បែរ និងជិតផ្ទះ»

លោកសាស្ដ្រាចារ្យ ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងការថែរក្សាសុខភាព ទាំងការបរិភោគ ការធ្វើដំណើរត្រូវគោរច្បាប់ចរាចរណ៍ អប់រំកូន ឲ្យជៀសឆ្ងាយពីគ្រឿងញៀន ពិសេសកុំពិសាអាហារ ដែលមានរសជាតិ ប្រៃ ផ្អែម និងខ្លាញ់ច្រើនពេក ដើម្បីជៀសវាង កើតជំងឺដាច់សរសៃឈាម លើសឈាម បេះដូង និងទឹកនោមផ្អែមជាដើម ។

រដ្ឋមន្ដ្រីថ្លែងទៀតថា «ជាងនេះទៅទៀត នៅក្នុងរដូវភ្លៀងធ្លាក់នេះ ត្រូវបោសសម្អាត និងមានអនាម័យ ទំាងក្នុង និងជុំវិញលំនៅដ្ឋានដែលខ្លួនរស់នៅ ពិសេសលុបបំបាត់របស់ដែលអាចដក់ទឹកបាន ដូចជា សំបកកង់ឡាន ម៉ូតូ កង សំបកដូង និងសម្រាប់សំបកកំប៉ុងជាដើម ដោយមុននឹងបោះចោល ត្រូវដាក់វាយក្បាល និងបាតកំប៉ុង ដើម្បីកុំឲ្យដក់ទឹកបាន ដែលធ្វើឲ្យមានប្រភពកកើតនៃដង្កូវទឹក ក្លាយទៅជាមូសខ្លា ដែលជាភ្នាក់ងារចំលងជំងឺគ្រុនឈាម ដល់កូនចៅរបស់យើងទាំងកុមារ និងមនុស្សធំដូចគ្នា។លើសពីនោះ ពីក្រោកពីដំណេក ត្រូវងើបអង្គុយមួយសន្ទុះ ដើម្បីឲ្យសរសៃឈាមដើរបានស្រួល ទើបយើងងើបចេញពីគ្រែគេង»

ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ហើយត្រូវបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលស្ថិតនៅលេខរៀងទី២០ ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាបន្តទៀត ៕

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្ដេជ្ញាបន្ដបង្ខិតសេវាពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ឲ្យកាន់តែជិតផ្ទះ ដោយឥតគិតថ្លៃ និងមានប្រសិទ្ធិភាពខ្ពស់