(ភ្នំពេញ)៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរួមគ្នាដំឡើង និងសម្ពោធប៉មចម្រោះទឹកស្អាតថ្មីមួយកន្លែងថ្មីទៀត ស្ថិតក្នុងបរិវេណវិទ្យាល័យសិរីមង្គល នៃខេត្តកណ្តាល ដោយប៉មចម្រោះទឹកស្អាតនេះ នឹងផ្តល់ទឹកស្អាតសម្រាប់ទទួលទាន ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណជាង ១,៨០០នាក់ និងប្រជាសហគមន៍ ប្រមាណជាង២,០០០នាក់ ដែលរស់នៅក្នុងសហគមន៍ក្បែរនោះផងដែរ។

នេះគឺជាប៉មចម្រោះទឹកស្អាតទី៦ ហើយ ដែលបានដំឡើងដោយក្រុមហ៊ុន កូកា-កូឡា នៅក្នុងឆ្នាំ២០១៨នេះ និងជាចំនួនប៉មបន្ថែមលើប៉មចម្រោះទឹកស្អាតចំនួន៧ផ្សេងទៀត ដែលក្រុមហ៊ុនបានដំឡើង នៅទូទាំងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៧ ក្រោមកិច្ចសហការជាមួយអង្គការ Planet Water ។

ក្រុមហ៊ុនកូកា-កូឡាបានឲ្យដឹងថា ប៉មចម្រោះទឹកស្អាតចំនួន២បន្ថែមទៀត នឹងត្រូវដំឡើង នៅទូទាំងប្រទេសក្នុងឆ្នាំ ២០១៨នេះ ហើយប៉មចម្រោះទឹកស្អាតជាច្រើនទៀត នឹងត្រូវដំឡើងបន្ថែមជាបន្តបន្ទាប់ក្នុងឆ្នាំបន្ត បន្ទាប់ ទៀត។

នៅក្នុងពិធីសម្ពោធ ដែលមានការចូលរួមជាភ្ញៀវកិតិ្តយសពី លោក ផាន់ ផល្លា អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកនាយកផ្នែកច្បាប់ និងទំនាក់ទំនងសាធារណៈប្រចាំប្រទេសនៃ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា លោក រស់ សោភា បានថ្លែងថា កូកា-កូឡាមានមោទនភាពដែលជាផ្នែកមួយនៃ សង្គមកម្ពុជា អស់រយៈពេលជាង20 ឆ្នាំមកហើយ ហើយ កូកា-កូឡា ប្តេជ្ញាចិត្តចូលរួមកសាងសហគមន៍ មួយនេះប្រកបដោ យ និរន្តភាពតាមរយៈគំនិត ផ្តួចផ្តើមគំរោងទឹកស្អាត។ ប៉មចម្រោះទឹកស្អាតនេះដើរតួនាទីយ៉ាងសំខាន់ នៅក្នុង យុទ្ធសាស្រ្ត និរន្តភាព នេះ ។

លោកបានបន្ត៖ នៅកូកា-កូឡា យើងមានគោលបំណងផ្តល់ទឹកត្រឡប់ទៅសហគមន៍និងធម្មជាតិវិញ នូវបរិមាណទឹក ដែលបានប្រើប្រាស់ក្នុងការផលិតភេសជ្ជៈសំរេចរបស់យើង ។ ជាក់ស្តែង នៅក្នុងឆ្នាំ ២០១៧កន្លងទៅនេះ យើងបានសាងសង់ប៉មចម្រោះ ទឹកស្អាត ចំនួន ០៧គ្រឿង និងបានផ្តល់ទឹកស្អាតចំនួន ៤.៧ បួនចុចប្រាំពីរលានលីត្រ សំរាប់ប្រជាសហគមន៍ប្រមាណជាង ២០,០០០ នាក់ (ពីរម៉ឺននាក់)។ តួលេខនេះត្រូវបានរំពឹងថា នឹងកើនឡើងទ្វេដងក្នុងឆ្នាំនេះ ដោយការដំឡើងប៉មចម្រោះទឹកស្អាតចំនួន ៨ បន្ថែមទៀត ៕