(ភ្នំពេញ)៖ កាន់តែងាយស្រួលហើយសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមិនទាន់មានអត្ដសញ្ញាណបណ្ណ និងលិខិតឆ្លងដែន ចាប់ពីពេលនេះទៅអាចនាំគ្នាទៅធ្វើនៅផ្សារទំនើបអេអនទី២សែនសុខបានហើយ។

ក្នុងពិធីបើកដាក់ឲ្យដំណើរការកន្លែងធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែននាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍​សន្តិបណ្ឌិត​ ម៉ៅ​ ច័ន្ទ​តារា​ អគ្គនាយកនៃអគ្គនាយកដ្ឋាន​ អត្តសញ្ញាណកម្ម​ ក្រសួងមហាផ្ទៃ​ បានថ្លែងថា ការបង្កើតឲ្យមានកន្លែងធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែននៅផ្សារទំនើបអេអនទី២នេះ គឺផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ក៏ដូចជាការបង្ខិតសេវាឲ្យទៅកាន់តែជិតជាមួយប្រជាពលរដ្ឋផងដែរ។

លោក ម៉ៅ ច័ន្ទតារា រំពឹងថា កន្លែងផ្តល់អត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែននៅផ្សារទំនើបអេអន នឹងទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋខ្មែរ ពោលកន្លែងផ្តល់សេវាទាំងពីរនេះ នឹងជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន។

បើតាមលោកអគ្គនាយកអត្តសញ្ញាណកម្ម ទីតាំងធ្វើលិខិតឆ្លងដែននាពេលបច្ចុប្បន្ន មានចំនួន៥ទីតាំងរួមមាន៖ នៅខេត្ដបាត់ដំបង បន្ទាយមានជ័យ កោះកុង ផ្សារទំនើបអេអនទី២ សែនសុខ និងនាយកដ្ឋានផ្ទាល់។ ខាងអត្តសញ្ញាណកម្ម ក៏បានបង្កើតកន្លែងធ្វើលិខិតឆ្លងដែន៣ទីតាំងទៀតសម្រាប់ពលករ ដែលត្រូវធ្វើលិខិតឆ្លងដែនដោយឥតគិតថ្លៃ។ ទីតាំងទាំង៣នោះ ស្ថិតនៅផ្សារស្ទឹងមានជ័យថ្មី ខេត្ដបាត់ដំបង និងប៉ោយប៉ែត។

លោកនាយឧត្តមសេនីយ៍​សន្តិបណ្ឌិត​ ម៉ៅ​ ច័ន្ទ​តារា​ បានបញ្ជាក់ផងដែរថា មកដល់ពេលនេះ អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម បានផ្ដល់អត្ដសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ ដែលគ្រប់អាយុចាប់ពីអាយុ១៥ឆ្នាំឡើងទៅ មានចំនួន៩លាន៨សែន ក្នុងនោះចាប់ពីអាយុ១៨ឆ្នាំ មានចំនួនប្រហែល៩លាន៥សែន។

លោកបញ្ជាក់ទៀតថា មកទល់ពេលនេះ ប្រជាពលរដ្ឋប្រមាណជិត ៣លាននាក់ហើយ ដែលមានលិខិតឆ្លងដែន។ សម្រាប់បងប្អូនដែលចង់ធ្វើលិខិតឆ្លងដែន សូមមកធ្វើដោយខ្លួនឯង ជៀសវាងចំណាយថវិកាអស់ច្រើនទៅលើអ្នករត់ការ៕