(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ មានបុរស២នាក់ ជិះម៉ូតូម៉ាក Honda Dream 125 ពាក់ស្លាកលេខ ភ្នំពេញ 1GT-4290 បានបើកបរបញ្រ្ចាសទិសចរាចរណ៍នៅចំណុចវិមានឯករាជ្យ ដែលជាគោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍ និងអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ខណៈកំពុងបើកបញ្ច្រាសវិមានឯករាជ្យនោះ ក៏ត្រូវបាន​នគរបាលចរាចរ និងកម្លាំងប្រជាការពារខណ្ឌដូនពេញ ស្ទាក់ចាប់ស្រាប់តែមន្រ្តីយោធា បានប៉ះសំដីគ្នាជាមួយកម្លាំងដែលកំពុងអនុវត្តច្បាប់ ព្រមទាំងចាក់សោកម៉ូតូរបស់ខ្លួន មិនឲ្យសមត្ថកិច្ចលើកដាក់រថយន្តទៀតផង។

បន្ទាប់មក នៅវេលាម៉ោង ១៦៖១០នាទីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ មន្ត្រីយោធារូបនេះ បានជិះរថយន្តម៉ាក សេណា ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-8779 បានឡើងមកបន្ទប់ លោក អភិបាលខណ្ឌ មកសួរនាំបញ្ហាករណីនគរបាលចរាចរ និងកម្លាំងប្រជាការពារខណ្ឌ ឃាត់ម៉ូតូរបស់ខ្លួន ដែលជិះបញ្រ្ចាសទិសនៅវិមានឯករាជ្យ ដោយម្នាក់ក្នុងចំណោម០២នាក់នោះ បាននិយាយថា «គ្រាន់តែជិះបញ្រ្ចាសសោះ នាំគ្នាព័ទ្ធចាប់ដូចចាប់ចោរ, ម៉េច! ធ្វើចឹងចង់បានលុយដុំមែន?, ស៊ីប្រាក់ខែរាស្រ្តធ្វើបាបរាស្រ្ត អញក៏ជាមន្រ្តីរាជការដែរ, ឯងកុំភ្លើជាមួយអញ អាភ្លើ!»

សូមបញ្ជាក់ថា ជារៀងរាល់ថ្ងៃ និងយប់នៅចំណុចវិមានឯករាជ្យ តែងតែមានអ្នកបើកម៉ូតូ និងរថយន្តបញ្ច្រាសទិស ហើយត្រូវ​បានសមត្ថកិច្ចឃាត់ និងបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីចាត់់ការបន្ត៕