(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា បានព្រមានទុកឱស្សានុវាទចុងក្រោយ ត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ ដល់ប្រធានក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់នៅកម្ពុជា បញ្ឈប់ជាបន្ទាន់ នូវរាល់ការបើកឲ្យដំណើរការស៊ីមកាត ដែលគ្មានឯកសារសំគាល់ អត្តសញ្ញាណអ្នកប្រើប្រាស់។

ការប្រើវិធានការក្ដៅទុកឱស្សានុវាទត្រឹមតែថ្ងៃទី០១ ខែកក្កដា ដល់ប្រធានក្រុមហ៊ុនទូរស័ព្ទចល័តនេះ ធ្វើឡើងបន្ទាប់ពី និយ័តករទូរគមនាគមន៍កម្ពុជា បានសង្កេតឃើញថា រហូតមកដល់បច្ចុប្បន្ននេះ នៅតែឃើញមានបណ្ដាក្រុមហ៊ុនទូរស័ព្ទចល័តមួយចំនួន បន្ដបើកឲ្យមានការប្រើប្រាស់ នូវស៊ីមកាត​ដោយគ្មានឯកសារសំគាល់ អត្តសញ្ញាណអ្នកប្រើប្រាស់ដដែល ដែលនេះជាការផ្ទុយនឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

យោងតាមសេចក្ដីជូនដំណឹង របស់និយ័តករទូរគមនាគមន៍កម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា «និយ័តករទូរគមនាគមន៍កម្ពុជា សូមដាក់កំហិតដល់អស់លោក លោកស្រីប្រធាន ក្រុមហ៊ុនទូរស័ព្ទទាំងអស់ ត្រូវលុបចោល​ជាបន្ទាន់​ នូវ​ស៊ីមកាតទូរស័ព្ទទាំងឡាយណា ដែលមិនមានឯកសារសំគាល់ អត្តសញ្ញាណម្ចាស់អ្នកប្រើប្រាស់ទាំងអស់ មិនអនុញ្ញាតឲ្យមានសេសសល់​នៅ​ក្នុង​ប្រព័ន្ធគ្រប់គ្រងទូរស័ព្ទចល័ត របស់ខ្លួនដាច់ខាត ឲ្យបានមុនថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨»។

និយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ទៀតថា ក្នុងករណីក្រុមការងារ នៃអគ្គធិការដ្ឋាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអគ្គ​ស្នង​ការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ រកឃើញថា មានស៊ីមកាតរបស់ក្រុមហ៊ុនទូរស័ព្ទចល័តណាមួយ នៅតែបន្ដឲ្យដំណើរការមិនគោរពតាមការណែ​នាំនេះទៀត ក្រុមហ៊ុននឹងត្រូវប្រឈមចំពោះផ្លូវច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដោយគ្មានក្ដីអនុគ្រោះឡើយ៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់និយ័តករទូរគមនាគមន៍កម្ពុជា ទាំងស្រុង៖