(ភ្នំពេញ)៖ ធនាគារពិភពលោក បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា ក្រុមប្រឹក្សានាយកប្រតិបត្តិធនាគារពិភពលោក បានអនុម័តសម្រេចផ្តល់ហិរញ្ញប្បទានបន្ថែមទៀតចំនួន ១១០លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីកែលម្អផ្លូវជាតិលេខ៤ ដែលជាផ្លូវតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ។

តាមសេចក្តីប្រកាសព័ត៌មានដែលអង្គភាព Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ បានឲ្យដឹងទៀតថា នេះជាហិរញ្ញប្បទានលើកទី២ហើយ សម្រាប់គម្រោងផ្លូវ-ថ្នល់ (Road Asset Management Project II/RAMP II) ដែលធនាគារពិភពលោករំពឹងថា ជាការឆ្លើយតបភ្លាមៗ និងប្រកបដោយប្រសិទ្ធភាព ក្នុងករណីមានស្ថានភាពបន្ទាន់ ដល់ប្រទេសកម្ពុជា។

លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោងត្រូវបានដកស្រង់សំដីពីសេចក្តីប្រកាសព័ត៌មានថា «ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ពឹងផ្អែកលើផ្លូវជាតិលេខ៤នេះ ដោយសារថា វាជាផ្លូវតែមួយគត់សម្រាប់ តភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ចជាមួយកំពង់ផែទឹកសមុទ្រជ្រៅរបស់កម្ពុជា»

លោកបានបន្តថា «ការកែលម្អស្ថានភាពផ្លូវដ៏សំខាន់មួយនេះ នឹងជួយកាត់បន្ថយការចំណាយពេលវេលា និងការចំណាយលើការដឹកជញ្ជូន ដែលអាចជួយឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែមានភាពប្រកួតប្រជែងខ្លាំងថែមទៀត នៅក្នុងតំបន់»

ជាមួយគ្នានេះ លោកស្រី អ៊ីហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានឲ្យដឹងដែរថា «ការខ្វះចន្លោះផ្នែកហេដ្ឋារចនាសម្ព័ន្ធ ជាការប្រឈមដ៏ធំមួយដល់សមត្ថភាពប្រកួតប្រជែង និងការអភិវឌ្ឍវិស័យឯកជន»

លោកស្រីបានបន្តថា «គម្រោងដែលនឹងកែលម្អស្ថានភាពផ្លូវជាតិលេខ៤នេះ នឹងជួយដោះស្រាយភាពប្រឈមទាំងនោះ ហើយវានឹងពង្រីកកាលានុវត្តភាព ផ្នែកសេដ្ឋកិច្ចសម្រាប់ពលរដ្ឋកម្ពុជា»

បើតាមធនាគារពិភពលោកហិរញ្ញប្បទានបន្ថែមនេះ បានពង្រីកវិសាលភាពរបស់គម្រោង RAMP II ដែលបានអនុម័តកាលពីខែឧសភា ឆ្នាំ២០១៦ ក្នុងគោលដៅកែលម្អផ្លូវជាតិ ក្នុងខេត្តកំពត ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ៕