(ភ្នំពេញ)៖ និស្សិតប្រមាណ៥០នាក់ ដែលកំពុងសិក្សាផ្នែកសំណង់ស៊ីវិល នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ បានកោតសរសើរដល់ក្រុមហ៊ុន ជីប ម៉ុង លើបច្ចេកវិទ្យាទំនើប ប្រកបដោយស្តង់ដាលំដាប់អន្តរជាតិក្នុង ការផលិតបេតុងលាយស្រេច បន្ទាប់ពីពួកគេបានធ្វើការចុះកម្មសិក្សាស្វែងយល់ ពីតំណាក់កាល នៃការផលិតបេតុងពីវិស្វករជំនាញ ពីក្រុមហ៊ុន ជីប ម៉ុង នៅទីតាំងរោងចក្រផលិតបេតុងទី៥ របស់ ជីប ម៉ុង ដែលស្ថិត បណ្តោយផ្លូវជាតិលេខមួយបឹងស្នោ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។

លោក ឃឹន ចំរើន ប្រធានផ្នែកផលិតកម្ម នៃក្រុមហ៊ុន ជីប ម៉ុង ខនគ្រីដ ដែលបានដឹកនាំក្រុមនិសិ្សត ក្នុងកម្មវិធីទស្សកិច្ច បានថ្លែងថា ក្រុមហ៊ុន ជីប ម៉ុង គឺតែងតែផ្តល់ឱកាសដល់ប្អូនៗ និសិ្សតកម្ពុជាក្នុងការស្រង់ យកចំណេះដឹង ជាក់ស្ដែងលើការបច្ចេកវិទ្យាទំនើប ក្នុងការផលិត ផលិតផលសំណង់ ដោយសារតែក្រុមហ៊ុន ជីប ម៉ុង យល់ច្បាស់ពីសារៈសំខាន់ នៃចុះការទស្សនាផ្ទាល់ ពីរោងចក្រ ដែលអាចចូលរួមចំណែកបានយ៉ាងល្អ ក្នុងការយល់ដឹងកាន់តែច្បាស់ លើអនុវត្តទ្រឹស្តីដែលប្អូនៗ បានរៀនពីសាកលវិទ្យាល័យ។

លោក ឃឹន ចំរើន បានបន្តថា ក្រុមហ៊ុន ជីប ម៉ុង មិនត្រឹមតែអនុញ្ញាតកម្មវិធីទស្សនកិច្ច ត្រឹមតែបេតុងលាយស្រេចនោះទេ ក្រុមហ៊ុន ក៏ផ្តល់ឱកាស ក្នុងការយល់ដឹងពីការផលិតស៊ីម៉ងអូដ្ឋ ការផលិតក្បៀង និងទុយោជីប ម៉ុង ផងដែរ ដើម្បីបញ្ជាក់ពីតម្លាភាពនៃគុណភាព និងដំណើរនៃការផលិត ក្រុមហ៊ុន ជីប ម៉ុង ជឿរជាក់លើបចេ្ចកវិទ្យា បទដ្ឋានស្តង់ដា និងសណ្តាប់ធ្នាប់រោងចក្រផលិតផលទើប ក្រុមហ៊ុនបើកទូលាយដល់សារធាណជន ជាពិសេសនិស្សិតកម្ពុជា ដែលមានចំណាប់អារម្មណ៍ យល់ដឹងពីដំណើរការរោងចក្រពិតប្រាកដ អាចធ្វើទស្សនកិច្ចសិក្សា នៅរោងចក្របានរាងរាល់ខែ។
លោក ភារុណ ជានិស្សិតម្នាក់ ក្នុងចំណោមនិសិ្សត ដែលបានចូលរួមក្នុងទស្សនកិច្ចសិក្សារោងចក្រផលិតបេតុងលាយស្រេច ជីប ម៉ុង បាននិយាយទាំងទឹកមុខស្រស់ស្រាយថា លោកពិតជាអគុណដល់ក្រុមហ៊ុន ជីប ម៉ុង ដែលបានផ្តល់ឱកាសឲ្យលោក ព្រមទាំងមិត្តរួមសាកលវិទ្យាល័យ របស់បានមកធ្វើទស្សនកិច្ច និងស្រង់យក ចំណេះដឹងពិតៗ ពីបច្ចេកវិទ្យា នៃការផលិតបេតុងលាយស្រេច។

លោកថា ក្រុមហ៊ុន ពិតជាយកចិត្តទុកដាក់ខ្ពស់ក្នុងការពន្យល់ណែនាំដែលផ្តល់ដោយវិស្វករមានជំនាញនឹងបទពិសោធន៍ពិតប្រាកដ ជាងនេះទៅទៀតក្រុមហ៊ុនជីប ម៉ុងគឺជាក្រុមហ៊ុន ដែលមាន ស្តង់ដារខ្ពស់គ្រប់បទដ្ឋានទាំងអស់។ និសិ្សតគ្រប់គ្នា គឺសុទ្ធសឹងតែទទួលបានគ្រឿង សុវត្ថិភាព និងការណែនាំពីសុវត្ថិភាព បានយ៉ាងល្អិតល្អន់បន្ថែមពីលើបទបង្ហាញ នៃដំណើរ ការនៃរោងចក្រ។

លោក ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ជីប ម៉ុង ដែលអនុញ្ញាត ព្រមទាំងផ្តល់ពេលវេលាដល់និសិ្សត ក្នុងការស្វែងយល់ពីចំណេះដឹង បន្ថែមពីការអនុត្តជាក់ស្តែង លោក ក៏រំពឹងថា កម្មវិធីនេះ នឹងបន្តដល់ប្អូនៗ និស្សិតកាន់ តែច្រើនបន្ថែមទៀត ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងប្រទេសកម្ពុជា។
បច្ចេកវិទ្យាក្នុងការលាយ នឹងធ្វើតេស្តលើបេតុងលាយស្រេច គឺសំខាន់សម្រាប់ជំនាញ សិក្សាផ្នែកសំណង់ស៊ីវិល ស្របពេលជាមួយនឹងការអភិវឌ្ឍ ផ្នែកសំណង់ដែលមាន សន្ទុះកើន ឡើងខ្លាំងនៅប្រទេសកម្ពុជា ដូច្នេះហើយ ក្រុម ជីប ម៉ុង គឺរីករាយជានិច្ច ក្នុងការចែករំលែកចំណេះដឹង ទាំងអស់នេះជូនដល់ប្អូនៗនិសិ្សត ស្របគ្នានឹងចក្ខុវិស័យ របស់ក្រុមហ៊ុនដែលចង់ក្លាយជាអ្នកដឹកនាំការអភិវឌ្ឍនិរន្តភាពសង្គមជាតិ៕