(បាត់ដំបង)៖ លោក ឈុំ សុជាត អនុប្រធានក្រុមការងារចុះជួយស្រុកសំឡូត ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារចុះជួយឃុំតាសាញ់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំរៀបចំផែនការការងារ និងស្តាប់សំណូមពររបស់សមាជិក សមាជិកា គណបក្សប្រជាជន (CPP) នៅឃុំតាសាញ់ ស្រុកសំឡូត ដើម្បីត្រៀមខ្លួនប្រកួតប្រជែង សម្រាប់ការការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត ខាងមុខនេះ។

កិច្ចប្រជុំនេះ មានការចូលរួមដោយពីថ្នាក់ដឹកនាំ តំណាងសមាជិក ​សមាជិកា គណបក្សប្រជាជនកម្ពុជា មកពី៧ភូមិ ក្នុងឃុំតាសាញ់ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានចំនួនជិត២០០នាក់។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅឃុំតាសាញ់ និងប្រជាពលរដ្ឋដែលរស់នៅទីនោះ។ ជាមួួយគ្នានេះ លោកក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបងផងដែរ។

បន្ទាប់ពី បានដាក់ផែនការឱ្យសមាជិក សមាជិកា បង្កើនសកម្មភាពចុះជួបប្រជាពលរដ្ឋ នៅតាមមូលដ្ឋានទាំង៧ភូមិ នៅឃុំតាសាញ់នេះ លោក ឈុំ សុជាត ក៏បានជំរុញឱ្យសមាជិកខិតខំចូលរួមដោះស្រាយនូវបញ្ហាផ្សេងៗរបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកបានលើកឡើងអំពីសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា កន្លងមកនេះ ហើយក៏បានបញ្ជាក់ដែរថា សមិទ្ធផលទាំងនោះ និងការអភិវឌ្ឍទៅមុខទៀត នឹងមិនអាចកើតមានឡើយ បើសិនជាប្រទេសកម្ពុជា គ្មានសន្តិភាពដូចសព្វថ្ងៃនេះ។

ឆ្លៀតក្នុងឱកាសនោះ លោកបានជំរុញដល់សមាជិក សមាជិកា និងប្រជាពលរដ្ឋនៅឃុំនេះ ធ្វើយ៉ាងណាថែរក្សាការពារ នូវសន្តិភាពនេះឱ្យបានជានិច្ចនិរន្តរ៍។ លោកអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បន្តគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដែលជាអ្នកធានាដល់សន្តិភាព និងការអភិវឌ្ឍទៅមុខទៀត។

សូមបញ្ជាក់ថា នៅក្នុងពេលប្រជុំនោះ ក៏មានការលើកឡើងសំណូមពររបស់មេភូមិចំនួន៣ ដែលសំុឱ្យជួយធ្វើផ្លូវ លូ ស្ពាន ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ធ្វើដំណើរទៅបោះឆ្នោត ពេលខាងមុខនេះផងដែរ ដោយឡែកគណៈកម្មការឃុំស្នើសុំកែលម្អស្លាប៉ាណូគណបក្សនៅមូលដ្ឋាននេះមួយចំនួនផងដែរ៕