(ភ្នំពេញ)៖ ក្នុងឱកាសបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលផ្តល់សេវាបណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន២ សែនសុខ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នេះ លោកទេសរដ្ឋមន្ដ្រី ស៊ុនចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបេ្ដជ្ញាបន្ដខិតខំប្រឹងប្រែង បម្រើសេវាសាធារណៈមួយនេះ ឲ្យបានកាន់តែលឿន ប្រកបដោយតម្លាភាព និងប្រសិទ្ធិភាពខ្ពស់ ជូនបងប្អូនប្រជាពលរដ្ឋយើង ដើម្បីឆ្លើយតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា ដែលបានចាត់ឲ្យមន្ដ្រីគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ និងទាន់ពេលវេលា ។

ទេសរដ្ឋមន្ដ្រី ថ្លែងទៀតថា «ថ្ងៃនេះយើងដំណើរការ មណ្ឌលផ្តល់សេវាបណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន២ សែនសុខនេះ ដូច្នេះបងប្អូនយើង អាចមកធ្វើបណ្ណបើកបរ ប្ដូរ និងពន្យាបណ្ឌបើកបរ ដោយចំណាយពេលត្រឹមតែ ១៥នាទីតែប៉ុណ្ណោះ ពិសេសមិនចំណាយថវិកាច្រើនឲ្យអ្នករត់ការផងដែរ»

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បន្ថែមទៀតថា «ការផ្តល់សេវាបណ្ណបើកបរយានយន្តរយៈពេល២ឆ្នាំកន្លងមកនៅផ្សារទំនើបអ៊ីអនទី១ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦កន្លងមក គឺទទួលលទ្ធផល ល្អប្រសើរ ដោយទទួលធ្វើបណ្ណឲ្យប្រជាពលរដ្ឋយើង និងបរទេស ជាង៦ម៉ឺនបណ្ណរួចមកហើយ ទាំងបណ្ណបើកបរថ្មី ប្ដូរ និងពន្យាបណ្ណបើកបរ»

រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបន្ដថា ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលផ្តល់សេវាបណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន២ សែនសុខនេះ នឹងកាន់តែផ្ដល់ភាពងាយស្រួល និងបង្ខិតសេវាទៅកាន់តែជិតប្រជាពលរដ្ឋ កាត់បន្ថយការចំណាយថវិកាច្រើន និងចំណេញពេលវេលា ក្នុងការសម្រួលដល់ការប្ដូរ និងពន្យារបណ្ណបើកបរ សម្រាប់អ្នកមានសញ្ជាតិខ្មែរ និងបរទេស ។

លោក ស៊ុន ចាន់ថុល ក៏បានឲ្យដឹងថា លោកគ្រោងនឹងបើកមណ្ឌលបែបនេះ នៅតាមផ្សារទំនើបផ្សេងៗជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យការផ្តល់សេវាប្តូរ និងពន្យារបណ្ណបើកបរនេះ បានកាន់​តែឆាប់​រហ័ស​តាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

សូមជម្រាបថា មណ្ឌលផ្តល់សេវាបណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន២ សែនសុខនេះ នឹងបើកផ្តល់សេវាជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ០៩៖០០ នាទីព្រឹក រហូតដល់ម៉ោង ១០៖០០ នាទីយប់ ៕ក្នុងរយៈពេលដាក់ឲ្យដំណើរបណ្ណោះអាសន្ននូវទីតាំងថ្មីនេះ ដោយគិតចាប់ពីថ្ងៃទី ២៩ខែឧសភា ដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៨ មានការប្តូរបណ្ណសម្រាប់ពលរដ្ឋខ្មែរបានចំនួន ៣៥៨បណ្ណ ទុតិយតាចំនួន ២៦បណ្ណ និងប្រលងយកបណ្ណបើកបរបានម្នាក់ សរុប៣៨៥បណ្ណក្នុងនោះជនបរទេសក៏មកទទួលសេវានេះប្រហាក់ប្រហែលនឹងពលរដ្ឋខ្មែរដែរ៕