(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បញ្ជាឲ្យកម្លាំងជំនាញផែនសណ្ដាប់ធ្នាប់ ចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរអន្តរជាតិមិនត្រូវ ព្រមទាំងរថយន្តគ្មានផ្លាកលេខ។

ប្រតិបត្ដិការចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកខាងលើនេះ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ ដែលមានកម្លាំងជាច្រើនរូប នៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅគោលដៅជិតវិមានឯករាជ្យ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ​កម្លាំងជំនាញបាន​ចុះត្រួតពិនិត្យ នឹងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរ គ្មានប័ណ្ណបើកបរ ឬ​មានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវ រថយន្តគ្មានផ្លាកលេខចាត់ជាគោលដៅជិតវិមានឯករាជ្យ លទ្ធផលសរុបបានចំនួន០៥គ្រឿង ដែលបើកបរដោយ ជនជាតិចិន​គ្មានប័ណ្ណបើកបរកម្ពុជា ចំនួន០៥គ្រឿង។

ក្រោយឃាត់ខ្លួន ទាំងរថយន្ដ និងមនុស្ស ត្រូវបានបញ្ជូនទៅ​ការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីចាត់ការបន្ដតាមនីតិវិធី៕