(ភ្នំពេញ)៖ ក្រសួងប្រៃសនីយ៍ និង​ទូរគមនាគមន៍កម្ពុជា បានចុះអនុសារណៈ ជាមួយក្រុមហ៊ុនចំនួន៣ មានដូចជា​ក្រុមហ៊ុនកែបស្តារ, ​ក្រុមហ៊ុន តែ អៀកហុង អេនធើប្រាយ និងក្រុមហ៊ុន Fourtitute Asia សហការគ្នាចាប់ផ្ដើមបង្កើត នូវប្រព័ន្ធឌីជីថលអេកូស៊ីស្ទឹម (Digital Eco System) ​ដើម្បីជួយសម្រួលដល់​កំណើនសេដ្ឋ​កិច្ច ដែលនេះ​គឺជាការបង្ហាញវត្ត​មានលើកដំបូង នៅក្នុងប្រទេសកម្ពុជា ដោយចំណាយទឹកប្រាក់ប្រមាណ ៧០​លានដុល្លារ សម្រាប់គម្រោងមួយនេះ នៅត្រឹមឆ្នាំ២០២១ខាងមុខ។

គោលដៅចម្បង ដែលក្រសួងប្រៃសណីយ៍ សហការ​ជាមួយក្រុមហ៊ុនទាំង៣ គឺមានបំណង ដើម្បីស្ថាបនានូវមជ្ឃមណ្ឌលទិន្នន័យ (Data Center) ដែលអាចផ្ដល់នូវហេដ្ឋារចនាសម្ព័ន្ធមួយច្បាស់លាស់ សម្រាប់អ្នកប្រើប្រាស់ និង​ផ្ដល់សេវាកម្ម Cloud និង សេវាកម្មផ្សេងៗ ដូចជា​ភាពមិនអសកម្ម នៃអាជីវកម្ម (Business Continuity) និង​ការការពារហានិភ័យ (Disaster Recovery)។

លោក កាន់ ច័ន្ទមេត្តា បានថ្លែងឲ្យដឹងថា «​យើងត្រូវបង្កើតប្រព័ន្ធការពារ​ នូវរាល់ទិន្នន័យទាំងអស់ ទាំងទិន្នន័យរបស់រាជរដ្ឋាភិបាល និង​ទិន្នន័យរបស់ឯកជន និង​ទិន្នន័យរបស់ក្រុមហ៊ុន។ ក្រៅពីបង្កើតប្រព័ន្ធឌីជីថល ក្រសួងក៏បានស្នើសុំឲ្យដៃគូសហការ ចូលរួមជួយលើកស្ទួយវិស័យធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជា និង អភិវឌ្ឍន៍ផ្នែកជំនាញ ដូច្នេះខាងនិស្សិត ដែលបានបញ្ចប់ការសិក្សា ផ្នែក​អាយធីស៊ី នៅសាកលវិទ្យាល័យ​ សូមលើកទឹកចិត្តឲ្យពួកគាត់ បង្វែង​ចំណាប់អារម្មណ៍ ទៅលើជំនាញ​ ផ្នែកសន្តិសុខព័ត៌មាន នេះតែម្ដង»

លោកបានបន្តទៀតថា «មិនត្រឹមតែប៉ុណ្ណោះ យើងក៏បានសហការជាមួយក្រសួងអប់រំ​ ដើម្បីបញ្ជ្រាបចំណេះដឹង ផ្នែកបច្ចេកវិទ្យាព័ត៌មាននេះ ដល់សិស្សនៅតាមវិទ្យាល័យ នៅតាមបណ្ដា​ខេត្តផ្សេងៗ ដើម្បីផ្សព្វផ្សាយវិស័យមួយនេះ ឲ្យកាន់តែទូលំទូលាយ​ថែមទៀត។ ម្យ៉ាងវិញទៀត បន្ទាប់ពីសិស្សានុសិស្ស បានសិក្សាពីចំណេះដឹង ពាក់ព័ន្ធនឹងបច្ចេកទេសព័ត៌មាននេះហើយ ពួកគេនឹងទទួលបានអត្ថប្រយោជន៍ច្រើន និង​យល់ដឹងកាន់តែច្បាស់ ពីវិធីសាស្រ្តការពារទិន្នន័យរបស់ខ្លួន ដើម្បីកុំឲ្យជនខិលខូច លួចទិន្នន័យយកទៅ ហើយ​ធ្វើឲ្យបាត់អស់រលីងនោះ ដូច្នេះសិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សាផ្នែក អាយធីស៊ី អាចអភិវឌ្ឃន៍ខ្លួន តាមរយៈការចូលបម្រើការងារ នៅក្នុងវិស័យពាណិជ្ជកម្មបែប Digital នៅក្នុងប្រទេសកម្ពុជាបាន»

បន្ថែមពីលើនេះទៀត សហព័ន្ធនឹងបង្កើតឲ្យមាន កម្មវិធីបណ្ដុះបណ្ដាល សម្រាប់អ្នកជំនាញផ្នែកបច្ចេកវិទ្យា នៅក្នុងស្រុក រួមជាមួយនឹងវិទ្យាស្ថានស្រាវជ្រាវ និង​បណ្ដុះបណ្ដាល នៃក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក៏ដូចជាសាកលវិទ្យាផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាច្រើន ក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលទិន្នន័យ ​ដ៏ធំនៅក្នុងប្រទេសកម្ពុជាមួយនេះ នឹងធ្វើឡើងនៅលើផ្ទៃដីចំនួន ៥​ហិចតា ដែលមានចំនួន ២​កន្លែង ដោយចំណាយ​ពេលសាងសង់ ប្រមាណចំនួន ១៨​ខែ ទើបរួចរាល់ ដើម្បីអាចចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិរវឌ្ឃន៍ពាណិជ្ជកម្មបែបឌីជីថល ទៅថ្ងៃអនាគតបាន៕