(ភ្នំពេញ)៖ ខណៈកំពុងតែទទូចស្នើសុំរកការអន្ដរាគមន៍ ពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អតីតបុគ្គលិកស្ថានទូតអាមេរិក ដែលជាជនជាតិខ្មែរ ចំនួន៣២នាក់ បានបង្ហាញនូវការសោកស្ដាយយ៉ាងខ្លាំង ចំពោះស្ថានទូតអាមេរិក ដែលជាប្រទេសបិតាអធិបតេយ្យ និងមហាគោរពច្បាប់ ដែលបានបណ្ដេញពួកគាត់ចេញពីការងារ ដោយគ្មានភ័ស្ដុតាងត្រឹមត្រូវ។

ការសម្ដែងការសោកស្ដាយ​ពីសំណាក់អតីតបុគ្គលិកស្ថានទូត ​ប្រទេសមហាអំណាច ដែលតែងតែព្រានប្រដៅប្រទេសដ៏ទៃឲ្យគោរពច្បាប់តាមខ្លួនរូបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ បន្ទាប់ពីចូលទៅបំភ្លឺ និងបំពេញ​ឯកសារផ្សេងៗ ជូនក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោយដាក់ញ្ញត្តិជាលើកទី២ ដើម្បីឲ្យក្រសួងជួយរកដំណោះស្រាយ។

អតីតបុគ្គលិកស្ថានទូត លោក ឡុង សេងគឹមហេង បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគិតថាប្រទេសអាមេរិក ដែលជាប្រទេសប្រជាធិបតេយ្យ ហើយនឹងជាអ្នកគោរពច្បាប់ដ៏ល្អ លើពិភពលោកនោះ ខ្ញុំគិតថាគួរតែពិចារណាឡើងវិញ លើរឿងនេះ (បណ្ដេញចេញពីការងារដោយគ្មានភ័ស្ដុតាង) ព្រោះអីកុំធ្វើចឹង។ កាលណារូបភាពមិនច្បាស់លាស់ទាំងអស់គ្នា​ ភាគីម្ខាងថា មិនដឹងជារូបភាពណា ដែលមកចោទប្រកាន់ពួកយើងហ្នឹង»

យ៉ាងណាក៏ដោយ ពួកគាត់នៅតែទាមទារ និង​ប្រកាសឲ្យ​ស្ថានទូតអាមេរិក បង្ហាញភស្តុតាង​ច្បាស់លាស់​ដល់ពួកគាត់ អំពីមូលហេតុ​នៃការបណ្តេញចេញពីការងារនេះ ខណៈដែលពេលនេះពួកគាត់កំពុង តែជួបនូវវិបត្តិសេដ្ឋកិច្ច ក្នុងក្រុមគ្រួសារយ៉ាងខ្លាំង អស់រយៈពេលជិត៤ខែមកហើយ។

ជាមួយគ្នានេះ ពលរដ្ឋខ្មែរដែលជួបនូវអំពីអយុត្តិធម៌ ពីស្ថានទូតអាមេរិកដែលប្រកាសថា ខ្លួនជាបិតាធិបតេយ្យនោះ​ ​​បានបង្ហាញពីក្តីសង្ឃឹមថា នៅក្រសួងការងារ នឹងទទួលបានភាពយុត្តិធម៌​ និងសង្ឃឹមជឿជាក់ថា​ រាជរដ្ឋាភិបាល​ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ នឹងផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់ ដែលរងការចោទប្រកាន់ដោយ​ គ្មានភស្តុតាងច្បាស់លាស់។

សូមរំលឹកថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ ពេលដែលពួកគាត់ទៅធ្វើបាតុកម្មតវ៉ានៅមុខស្ថានទូតអាមេរិក ក៏បានលើបដាថា «Donal Trump SOS ឬ យើងស្វែងយកជំនួយ និងភាពយុត្តិធម៌ពីលោកប្រធានាធិបតី ដូណាល់ត្រាំ» ដើម្បីសុំកិច្ចអន្តរាគមន៍ ពីលោកប្រធានាធិតីអាមេរិក ជួយរកយុត្តិធម៌ជូនពួកគាត់ ដែលទទួលរងនូវការបណ្តេញពីការងារយ៉ាងអយុត្តិធម៌បំផុតនោះ។

ការតវ៉ា​នោះ ក្រុមអ្នកតវ៉ាបានឈរកាត់បដាជាអក្សរខ្មែរ និងអង់គ្លេសមានរូបថតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដើម្បីបង្ហាញពីភាពអយុត្តិធម៌ និងស្នើសុំឲ្យប្រមុខដឹកនាំនៃប្រទេសទាំង២ ជួយអន្តរាគមន៍ដោះស្រាយឲ្យបានសមស្របផងដែរ៕