(ព្រៃវែង)៖ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រកាសប្រគល់ភារកិច្ច ចូលកាន់មុខតំណែង ជាប្រធានមន្ទីរធម្មការ និងសាសនា ខេត្តព្រៃវែងថ្មី គឺលោក លី សិទ្ធី ជំនួសលោក មុំ ច័ន្ទតារា ដែលត្រូវចូលនិវត្តន៍។

ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម បានលើកឡើងថា ​លោក​ មុំ ច័ន្ទតារា ដល់ពេល​វេលាត្រូវចូលនិវត្តន៍ទៅតាមការកំណត់ របស់ច្បាប់សហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល​ និងតម្រូវឲ្យមានអ្នកបន្តវេន ដើម្បីបំពេញភារកិច្ចបន្តទៀត ដូច្នេះក្រសួងបានអនុវត្តន៍ទៅតាមការកំណត់នៃច្បាប់​ដោយបានធ្វើការតែងតាំង លោក លី សិទ្ធី ​​ដើម្បីបន្តគ្រប់គ្រង និងដឹកនាំវិស័យធម្មការ និងសាសនាទូទាំងខេត្តព្រៃវែង ឲ្យមាន​ការវិវឌ្ឍ និងរីកចម្រើន រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំ​របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា។

បន្ថែមពីនេះ លោកទេសរដ្ឋមន្ដ្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមន្ទីរធម្មការ និងសាសនាខេត្តព្រៃវែង ដែលមានឆន្ទៈស្រួចស្រាល់ និងការប្តេជ្ញាចិត្តមោះមុតយកអស់កម្លាំងកាយចិត្ត និងបញ្ញាក្នុងការបំពេញតួនាទី ភារកិច្ច និងកាតព្វកិច្ច ដើម្បីបម្រើដល់វិស័យការងារធម្មការ និងសាសនា នៅក្នុងដែនសម្មត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម ក៏បានផ្តាំផ្ញើដល់ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តព្រៃវែង ដែលទើបត្រូវបានប្រកាសតែងតាំងថ្មី នូវអនុសាសន៍មួយចំនួនដូចខាងក្រោម​៖

ទី១៖​ ត្រូវបន្តធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍអង្គភាពរបស់ខ្លួនថ្នាក់ខេត្ត/ក្រុង/ស្រុក/ខណ្ឌ ដើម្បីពង្រឹងរបៀបរបបការងារឲ្យកាន់តែមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់

ទី២៖ រៀបចំកែលម្អប្រព័ន្ធរដ្ឋបាល និងហិរញ្ញវត្ថុ របស់មន្ទីរឲ្យបានសមស្រប និងមានប្រសិទ្ធភាព

ទី៣៖ រៀបចំឲ្យមានផែនការយុទ្ធសាស្រ្ត សម្រាប់ជា ផែនការអភិវឌ្ឍន៍របស់មន្ទីរ ក្នុងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង

ទី៤៖ ត្រូវរៀបចំឲ្យមានបទបញ្ជាផ្ទៃក្នុង ឲ្យសមស្របតាមការអភិវឌ្ឍរីកចម្រើនរបស់មន្ទីរ

ទី៥៖ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង នៅក្នុងមន្ទីរទាំងមូល បំពេញការងារដោយគោរពតាមឋានានុក្រម

ទី៦៖ ត្រូវមានទំនាក់ទំនង និងសហការល្អ ជាមួយព្រះមេគណខេត្ត-ក្រុងទាំងពីរគណៈ មេដឹកនាំសាសនាផ្សេងៗគ្រប់ឋានានុក្រម និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ​

និងទី៧៖ ត្រូវផ្តល់របាយការណ៍ប្រចាំខែ ត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ រួមទាំងព័ត៌មានពាក់ព័ន្ធផ្សេងៗ ទៅក្រសួងធម្មការ និងសាសនា ឲ្យបានទៀងទាត់ និងទាន់ពេលវេលា ដើម្បីក្រសួងធ្វើការបូកសរុប និងរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕