(ភ្នំពេញ)៖ អ្វីដែលធ្វើឲ្យប្រជាជន នៅទីក្រុងប៉ារីស ក៏ដូចនៅជុំវិញពិភពលោក មានការភ្ញាក់ផ្អើលចំពោះផលិតផល នៃក្រុមហ៊ុន OPPO នោះ គឺ OPPO Find X ដែលបានធ្វើការសម្ភោធ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។

ម៉ូដែលថ្មី របស់ OPPO មួយនេះ វាប្រើប្រាស់នូវការរចនាតួខ្លួនជាលក្ខណៈ Gradient Design (ប្រដេញពណ៌) ហើយវាបានបំពាក់នូវបច្ចេកវិទ្យាទំនើប ដែលធ្វើឲ្យអេក្រង់របស់វានៅលាតពេញលើផ្ទៃទូរស័ព្ទទាំងមូល សឹងតែគ្មានសល់គែម ចំណែកកាមេរ៉ារបស់វាទាំងខាងមុខ និងខាងក្រោយត្រូវបានបង្គាប់ នៅក្នុងទូរស័ព្ទតែម្តង។

កាមេរ៉ាសម្រាប់ថតស៊ែលហ្វី ដែលមានឈ្មោះថា «Stealth 3D» នឹងលៀនចេញមកក្រៅ នៅពេលដែលអ្នកប្រើកម្មវិធីថតប៉ុណ្ណោះ ហើយវានឹងលឹបបាត់ទៅវិញ ពេលដែលអ្នកបិទកម្មវិធីថតស៊ែលហ្វី ហើយវាមានទំហំ២៥មេហ្គាភិចស៊ែល។

ចំណែកឯកាមេរ៉ាខាងក្រោយ មានចំនួន២គ្រាប់ មាទំហំ២០មេហ្គាភិចស៊ែល និង១៦ មេហ្គាភិចសែល។ អេក្រង់របស់វាក៏មិនចាញ់ស្មាតហ្វូនផ្សេងៗ ដែលកំពុងលក់លើទីផ្សារផងដែរ ម៉ូដែលនេះ មានអេក្រង់កោងគែម ទាំងសងខាងតែម្តង ដូច្នេះអ្នកអាចមើលរូបភាពបានធំជាងមុន ជាមួយនឹងអេក្រងទំហំ៦,៤ អ៊ីញ។

អេក្រង់នេះ គឺគ្រប់ដណ្តប់រហូតដល់ទៅ ៩៣,៨% នៃផ្នែកខាងមុខរបស់ទូរស័ព្ទទៅហើយ។ ចំពោះប្រព័ន្ធសុវត្ថិភាពវិញ ក្រុមហ៊ុន ក៏បានបំពាក់នូវកម្មវិធី 3D face ដើម្បីដោះសោទូរស័ព្ទ បានយ៉ាងរហ័សបំផុត ដោយមិនប្រកាន់ថា ពន្លឺតិចឬខ្លាំងទេ។ កម្មវិធីនេះ ធ្លាប់ត្រូវបានគេនិយាយថា អាចរក្សាសុវត្ថិភាពបានយ៉ាងល្អ ជាមួយហ្នឹង OPPO R15Pro ដែលបានចេញលក់នាពេលថ្មីៗនេះ។

បើនិយាយពីផ្នែកខាងក្នុងវិញ OPPO Find X ត្រូវបំពាក់ដោយរ៉េមដែលមានទំហំ ៨ GB អង្គផ្ទុកទិន្ន័យជាប់នឹងម៉ាស៊ីនរហូតដល់ទៅ២៥៦ GB ហើយក៏មានបំពាក់នូវ Qualcomm Snapdragon 845 processor ដែលធ្វើឲ្យវាដំណើរការលឿនជាមុន ព្រមទាំងអាចប្រើជាមួយកម្មវិធីថ្មីៗបានច្រើន។ រីឯថាមពលថ្មវិញ Find X មានកំលាំងថ្ម3730 mAh ហើយបានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿន VOOC។

ហើយអ្វីកាន់ដែរតែពិសេសជាងនេះទៀតនោះ Find X ក៏បានសហការជាមួយនឹងក្រុមហ៊ុនរថយន្ត Lamborghini ហើយនឹងចេញលក់នូវម៉ូដែល Find X Lamborghini Edition ដែលមានអង្គផ្ទុកទិន្នន័យ រហូតដល់៥១២GB និងបច្ចេកវិទ្យាសាកថ្មកំពូលលឿន គឺSuper VOOC ដែលមានសមត្ថភាពសាកថ្ម ដែលមានទំហំ 3400mAh ពី០% ដល់១០០% ក្នុងរយៈពេល៣៥នាទីតែប៉ុណ្ណោះ។

OPPO Find X មាន២ គឺ ក្រហម និងខៀវ។ តម្លៃរបស់វាគឺ ៩៩៩អ៊ឺរ៉ូ ចំណែកឯ Find X Lamborghini Edition វិញវាមានតម្លៃរហូតដល់១,៦៩៩អ៊ឺរ៉ូ បើគិតជាដុល្លាអាមេរិកជិត ២,០០០ ដុល្លារ។ បន្ទាប់ពីឃើញនូវលក្ខណៈពិសេសរបស់ តើលោកអ្នកចាប់អារម្មណ៍ចង់ប្រើទេ? OPPO Find X នឹងដាក់លក់លើទីផ្សារអឺរុបនៅក្នុងខែសីហានេះហើយ។

យើងនៅមិនទាន់ច្បាស់ថា តើក្រុមហ៊ុន OPPO នឹងយកម៉ូដែលមួយនេះ មកលក់ក្នុងទីផ្សារប្រទេសកម្ពុជា ដែរឬយ៉ាងណា មានតែរងចាំតាមដានទាំងអស់គ្នា៕