(ភ្នំពេញ)៖ លោក ហេង រ៉ាន់ ប្រធានក្រុមការងារដោះស្រាយវិវាទដីធ្លីទី៣៥ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរងការចោទថា បានចេញរបាយការណ៍បំភ័ន្តមួយធ្វើឲ្យថ្នាក់ដឹក នាំមានការយល់ច្រឡំ វាយតម្លៃខុសលើករណីវិវាទដីធ្លីមួយកន្លែង នៅខេត្តបន្ទាយមានជ័យ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ បង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់ម្ចាស់កម្មសិទិ្ធ ដីស្របច្បាប់។

យ៉ាងណាក៏ដោយ ចំពោះការចោទប្រកាន់ពីសំណាក់ម្ចាស់ដីខាងលើនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបំភ្លឺពីលោក ហេង រ៉ាន់ បាននោះទេនៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ។

យោងតាមលិខិតចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតលេខ៩៤២ ដនស/អសដភ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ដោយសន្និដ្ឋានថា តាមការពិនិត្យផ្ទៀងផ្ទាត់កំណត់ហេតុអង្កេតដីជាមួយនឹងប្លង់ទីតាំងដីវិវាទ ឃើញថា ដីរបស់ឈ្មោះ អ៊ូ ប៊ុនណារិទ្ធ ពិតជាជាន់លើដីឈ្មោះ ពិន នង ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុត្រឹមត្រួវ។

លោក អ៊ូ ប៊ុនណារិទ្ឋ និងលោក ជូ ពុន ភាគីក្នុងវិវាទដីធ្លីនេះ បានសំណូមពរសុំឲ្យលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បដិសេធចោលទាំងស្រុង នូវលិខិត លេខ៩៤២ ខាងលើនេះចោលជាអសាបង់ ព្រោះការសន្និដ្ឋាននេះបានប៉ះពាល់យ៉ាងខ្លាំង ដល់ចំណាត់ការក្នុងសំណុំរឿងវិវាទដីធ្លី ដែលតុលាការកំពុងចាត់ការ តាំងពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧មក។

មូលហេតុដែលនាំឲ្យមានការសុំបដិសេធនេះ បានត្រូវលោក អ៊ូ ប៊ុនណារិទ្ឋ និងលោក ជូ ពុន អះអាងថា របាយការណ៍របស់លោក ហេង រ៉ាន់ ភាគច្រើន គឺយោងទៅលើការអះអាងថារបស់លោកស្រី ពិន នង ដោយភ្ជាប់ប័ណ្ណកម្មសិទ្ធិចំនួនបីប័ណ្ណ ដែលបានសរសេរថា ដីបីកន្លែងនេះស្ថិតនៅ ភូមិគីឡូម៉ែត្រលេខ៤ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នទីតាំងដីនេះ ត្រូវបានកាត់ចូលក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យវិញ។

ប៉ុន្តែតាមពិតភូមិគីឡូម៉ែត្រលេខ៤ មិនបានកាត់ចូលភូមិអណ្តូងថ្មមាសទេ ហើយម្យ៉ាងទៀត តាមអនុក្រឹត្យលេខ១០២ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១១ របស់ រាជរដ្ឋាភិបាល ក៏បានបញ្ជាក់ដែរថា ភូមិគីឡូម៉ែត្រលេខ៤ និងភូមិអណ្តូងថ្មមាស នៅទីតាំងផ្សេងពីគ្នា ពោលគឺមិនអាចជាន់គ្នាជាមួយលោកស្រី ពិន នង បានឡើយ។ ពិសេសនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ លោក សោម ខន មេភូមិអណ្តូងថ្មមាស បានចេញលិខិតបញ្ជាក់ថា ដីស្រែទំហំ៩១២២៥ម៉ែត្រការ៉េ ដែលឈ្មោះ អ៊ូ ប៊ុនណារិទ្ឋ កាន់កាប់បច្ចុប្បន្ននេះ ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពិតប្រាកដមែន។

លោក អ៊ូ ប៊ុនណារិទ្ឋ និងលោក ជូ ពុន បានធ្វើការកត់សម្គាល់ថា លោក ហេង រ៉ាន់ បានចេញរបាយការណ៍ស្តីពីលទ្ធផល នៃការចុះស្រាវជ្រាវបន្ថែមលើករណីវិវាទដីធ្លីរវាងឈ្មោះ ពិន នង និងឈ្មោះ អ៊ូ ប៊ុនណារិទ្ឋ ព្រមទាំងឈ្មោះ ជូ ពុន ជូនទៅថ្នាក់ដឹកនាំក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ដោយសរសេរបំភ័ន្តថា ទីតាំងដីវិវាទ ស្ថិតនៅអតីតភូមិគីឡូម៉ែត្រលេខ៤ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ បច្ចុប្បន្ន ភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលធ្វើឲ្យថ្នាក់ដឹកនាំមានការយល់ច្រឡំ ឈានដល់ការសន្និដ្ឋានថា ទីតាំងវិវាទដីរបស់ឈ្មោះ អ៊ូ ប៊ុនណារិទ្ឋ ពិតជាជាន់លើដីឈ្មោះ ពិន នង ទៅវិញ ព្រោះតាមការពិតភូមិគីឡូម៉ែត្រលេខ៤ និងភូមិអណ្តូងថ្មមាស មានឈ្មោះតាំងពីជំនាន់សង្គមរាស្ត្រនិយម និងមានទីតាំងផ្សេងគ្នា ពោលគឺមិនអាចជាន់គ្នាបានឡើយ។

លោក អ៊ូ ប៊ុនណារិទ្ឋ និងលោក ជូ ពុន បានកត់សម្គាល់ទៀតថា របាយការណ៍របស់លោក ហេង រ៉ាន់ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។ រយៈពេលជាងមួយខែក្រោយមក គឺនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ វិវាទដីធ្លីនេះបានត្រូវដាក់ចូលដល់តុលាការ បង្កទៅជាសំណុំរឿងរដ្ឋប្បវេណីលេខ១២១៤ ដើម្បីឲ្យលោក ហុក ពៅ ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការជាសមត្ថកិច្ច។

ប៉ុន្តែនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ បែរជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតមួយជម្រាបជូនគូរភាគី ដោយគូសបញ្ជាក់ថា វិវាទដីធ្លីដែលបានចុះបញ្ជីសុរិយោដីរួចហើយ គឺដីធ្លីដែលមានប័ណ្ណសម្គាល់សិទិ្ឋគ្រប់ប្រភេទ ដែលចេញដោយរដ្ឋបាល សុរិយោដីត្រូវស្ថិតក្នុងសមត្ថកិច្ចរបស់តុលាការទៅវិញ។ បញ្ហានេះប្រៀបបីដូចជាករណីកូនកើតមុនឪ ចៅពរតាដើរលេង ហើយក្លាយជាសម្ពាធមួយដល់យុត្តាធិការ ដោយសារតែក្រសួងបានធ្វើសេចក្តីសន្និដ្ឋានថា តាមការពិនិត្យផ្ទៀងផ្ទាត់កំណត់ហេតុអង្កេតដីជាមួយ នឹងប្លង់ទីតាំងដីវិវាទឃើញថា ដីរបស់អ៊ូ ប៊ុនណារិទ្ឋ ពិតជាជាន់លើដី ពិន នង ដែលមានប័ណ្ណសម្គាល់សិទិ្ឋកាន់កាប់អចលនវត្ថុពោល គឺសេចក្តីសន្និដ្ឋាននេះអាចធ្វើឲ្យតុលាការមានការសម្រេចខុស។

យោងតាមការរៀបរាប់ខាងលើនេះ អ៊ូ ប៊ុនណារិទ្ឋ និងលោក ជូ ពុន សំណូមពរឲ្យលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា បដិសេធចោលទាំងស្រុងនូវលិខិតលេខ៩៤២ ខាងលើនេះចោលជាអសាបង់ ព្រោះប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ផលប្រយោជន៍គូរភាគីក្នុងសំណុំរឿងនេះ ដោយសារតែការសន្និដ្ឋានដោយអ្នកជំនាញបែបនេះ និងសំណូមពរសុំឲ្យក្រសួងរៀបចំក្រុមអធិការកិច្ចចុះពិនិត្យស្រាវជ្រាវ វិវាទដីធ្លីនេះឡើងវិញ ដើម្បីធានានូវតម្លាភាពនិងភាពយុត្តិធម៌៕