(ភ្នំពេញ)៖ មេបញ្ជាការកងទ័ពកម្ពុជា និងមេបញ្ជាការកងទ័ពថៃ បានសន្យាពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងរាជរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត។

ការលើកឡើងបែបនេះ របស់អគ្គមេបញ្ជាការកងទ័ព នៃប្រទេសទាំងពីរ បានធ្វើឡើង នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ នៅឯអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ក្នុងឱកាសជំនួបរវាង នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ Tarchaiyan Srisuwan អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ ដែលមកបំពេញទស្សនកិច្ច​នៅកម្ពុជា។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការល្អ​ រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ដែលបានគ្របដណ្តប់លើវិស័យជាច្រើនរួមមាន៖ វិស័យការទូត ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម, ឧស្សាហកម្ម, វប្បធម៌, អប់រំ និងកីឡា ជាដើម។ល។ ជាពិសេស សហការបង្ក្រាបបទល្មើសនានា នៅតាមព្រំដែន ដើម្បីឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ស្របតាមគោលការណ៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នាយឧត្តមសេនីយ៍ ក៏បានសំណូមពរដល់ភាគីថៃ បន្តជួយបណ្តុះបណ្តាលធនធានមនុស្សតាមជំនាញនីមួយៗ។ បើមានបញ្ហាអ្វី ត្រូវរួមគ្នាដោះស្រាយដោយសន្តិវិធី ក្នុងនាមជាបងប្អូន។ បន្តបង្កើនទំនាក់ទំនងលើវិស័យវប្បធម៌ និងកីឡាពីព្រោះកីឡា គឺជាកត្តាសំខាន់មួយ ក្នុងការពង្រឹងសាមគ្គីភាពរវាងកម្ពុជា-ថៃ។

នាយឧត្តមសេនីយ៍ Tarchaiyan Srisuwan ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់អំពីការរីកចម្រើននៃ កិច្ចសហប្រតិបត្តិការល្អរវាង ប្រទេសទំាងពីរ ថៃ-កម្ពុជា លើវិស័យការទូត, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វប្បធម៌, អបរំ និងកីឡា ជាដើម។ល។ លោកបានបញ្ជាក់ថា​គោលបំណង នៃដំណើរទស្សកិច្ចនេះ ដើម្បីបន្តរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ថៃ ឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត។ ចំពោះសំណូមពររបស់ភាគីកម្ពុជា ភាគីថៃបានឯកភាពផងដែរ៕