(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត មន្ត្រីក្រោមឱវាទ និងគណៈកម្មាធិការចម្រុះចុះមកសម្របសម្រួល និងដោះស្រាយបញ្ចប់វិវាទដីធ្លី រវាងសមាគមអភិវឌ្ឍន៍កសិកម្មជាតិ ជាមួយប្រជាពលរដ្ឋរស់នៅលើទីតាំងដីទំហំ១៧២ហិកតា ស្ថិតនៅ ភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត តាំងពីឆ្នាំ១៩៩៦ រហូតវដល់ឆ្នាំ២០១៨នេះ។

លោក សាន ស៊ានហូ បានថ្លែងថា រដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចេញលេខ ២០៨/១៨ ស.ជ.ណ សេចក្តីជូនដំណឹងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីការចុះរៀបចំ សម្របសម្រួល និងដោះស្រាយបញ្ចប់វិវាទដីធ្លី រវាងសមាគមអភិវឌ្ឍន៍កសិកម្មជាតិ ជាមួយប្រជាពលរដ្ឋរស់នៅលើទីតាំងដីទំហំ១៧២ហិកតា ស្ថិតនៅភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលមានចែងក្នុងសាលក្រុមលេខ៧៨ (ក)ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់តុលាការខេត្តបន្ទាយមានជ័យ។

លោកអភិបាលក្រុងប៉ោយប៉ែត ថ្លែងទៅកាន់ប្រជាពលរដ្ឋបានចូលរួមដោះស្រាយវិវាទដីធ្លីនេះ អស់ចៅសង្កាត់ចំនួន១២រូប និងអភិបាលខេត្ត១០រូប បានអូសបណ្តាលជាច្រើនឆ្នាំមកហើយ តែដល់សម័យនេះ គឺសម័យលោកជាអភិបាលក្រុងប៉ោយប៉ែត និងសម័យលោកអភិបាលខេត្ត សួន បវរ ដែលមានឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ បានរកពិធីដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស មិនទុកយូទៀតឡើយ គឺត្រូវបញ្ចប់តែម្តង។

លោក សាន ស៊ានហូ ក៏បានអំពាវនាដល់ប្រជាពលរដ្ឋទាំងអស់គ្នា មេត្តារក្សានៅផ្ទះសំបែង រក្សាអ្វីនៅក្នុងភូមិទាំងអស់ គឺទុកឱ្យក្រុមគណៈកម្មាធិការយើងរៀបចំពីចំណុច១ ទៅចំណុចឈ្នះឈ្នះទាំងអស់គ្នា និងសូមកុំជឿជាក់លើអ្នកណាឡើយ ជាពិសេសអ្នកមានលុយ មកទិញដីរឿង អ្នកចូលចិត្តលោមលន់ដែលមានមហិតាចង់បានដីប្រជារាស្ត្រ ដូច្នេះទុកចិត្តលើរូបលោកតែម្តង គឺដោះស្រាយជូន ពេលដោះស្រាយចប់គ្រប់ គឺមានប្រព័ន្ធលូ ផ្លូវ ទឹក ភ្លើង អោយប្រជាពលរដ្ឋប្រើប្រាស់ តែពេលនេះអាជ្ញាធរក្រុងយើងឈួសឆាយដីផ្លូវពិបាក អោយក្លាយជាផ្លូវគ្រួសម៉ិចទាំងអស់តែម្តង មិនទុកឱ្យពិបាកឡើយ។

ជាមួយគ្នានេះលោក លី សារី បានថ្លែងថា ក្នុងនាមយើងជាពលរដ្ឋទាំងអស់គ្នា ត្រូវរកផ្លូវដោះស្រាយ ក្រោមគោលនយោបាយ ឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានបក្សប្រជាជនកម្ពុជា ហើយសូមប្រជាពលរដ្ឋគ្រប់រូប ត្រូវកុំចាញ់បោកជនឆបោក និងជនអួតអាងថាអំណាចជួយដោះស្រាយជូនដើម្បីជៀសវាងការបាត់បង់ថវិកា ពេលវេលារបស់យើងគ្រប់គ្នា ដូច្នេះហើយសូមជឿជាក់ទៅលើអាជ្ញាធរក្រុងប៉ោយប៉ែត និងក្រុមគណៈកម្មាធិការចម្រុះដែលអាជ្ញាធរខេត្តចាត់តាំង ពេលនេះចាប់ពីថ្ងៃនេះ គឺក្រុមការងារយើងចាប់ផ្តើមអនុវត្តហើយ។

នាពេលនោះដែរប្រជាពលរដ្ឋបានសម្តែងការរីករាយក្រោមការដោះស្រាយជូនគាត់ក្នុងគោលនយោបាយដ៏ត្រឹមត្រូវព្រោះពួកគាត់រពឹងយូណាស់មកហើយ ហើយអ្វីដែលត្រេកអរបំផុតនោះ គឺបញ្ហាផ្លូវត្រូវបានលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ជួសជុលជូន និងចាក់គ្រួសម៉ិច ឱ្យគ្រប់ខ្សែរផ្លូវដី ព្រោះផ្លូវក្នុងភូមិគឺមានការពិបាកជាច្រើនឆ្នាំមកហើយ រកទៅណាមកណាក៏ពិបាក ជាពិសេសនោះពេលមានមេឃភ្លៀងតែម្តង។

សូមបញ្ជាក់ថា ការដោះស្រាយបញ្ចប់វិវាទដីធ្លី រវាងសមាគមអភិវឌ្ឍន៍កសិកម្មជាតិ ជាមួយប្រជាពលរដ្ឋរស់នៅលើទីតាំងដីទំហំ១៧២ហិកតា ស្ថិតនៅភូមិចាន់គិរី និង ភូមិទួលប្រាសាទ សង្កាត់-ក្រុងប៉ោយប៉ែត មានប្រជាពលរដ្ឋសរុបចំនួន ៤១០៤គ្រួសារ៕