(ភ្នំពេញ)៖ ទស្សនិកជន ដែលធ្លាប់ទស្សនារឿងភាគខ្មែរ ប្រាកដជាស្គាល់ តារាសម្តែងជាប់អារថា «ជាតារាសម្ដែងទឹកភ្នែក» អ្នកនាង លី ចាន់សីហា ច្បាស់ណាស់ ខណៈតារាស្រីរូបនេះ បានប្រឡូកខ្លួនក្នុងពិភពសិល្បៈ តាំងពីនៅកុមារភាពមកម្ល៉េះ។ អ្វីដែលពិសេស គឺមានទស្សនិកជនមិនតិចអ្នកទេ ដែលទស្សនាខ្សែភាពយន្ត នាងបានសម្តែង គឺរឿង «មរណៈមាតា» ហើយទប់ទឹកភ្នែកមិនបាននោះ ពោលគឺកាលណោះ នាងសម្តែងតាំងពីកុមារភាព។ យ៉ាងណាមិញ ហេតុតែស្រឡាញ់វិស័យសិល្បៈ តារាស្រីរូបនេះ នៅតែបន្តអាជីពនេះរហូត ទោះបីជាបច្ចុប្បន្ននាង មានគ្រួសារមានកូនស្រីម្នាក់ក្នុងបន្ទុកក៏ដោយ។ ជាមួយគ្នានេះ ក្រៅពីការងារសិល្បៈសម្តែងភាពយន្ត ទស្សនិកជនច្រើនណាស់ ដែលចង់ដឹងពី ជីវិតក្នុងគ្រួសារ និងគោលដៅជីវិតរបស់នាង ខណៈនៅចុងសប្តាហ៍នេះ នាងនឹងចូលខ្លួនមកបកស្រាយ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា»

ជាការពិត បន្ទាប់ពីរៀបការសាងជីវិតគ្រួសារ ជាមួយនឹងស្វាមី ជាមន្ត្រីរាជការអស់រយៈពេលជាងមួយឆ្នាំ ដោយបន្សល់នូវកូនស្រី ដ៏គួរឲ្យស្រឡាញ់ម្នាក់ ជាចំណងដៃមក ថ្មីៗនេះ អ្នកនាង លី ចាន់សីហា ក៏បានប្រកាសចូលសិល្បៈវិញ ដោយទស្សនិកជននៅតែគាំទ្រដដែល។ មិនតែប៉ុណ្ណោះ ក្រៅពីការងារសិល្បៈតារាស្រីរូបនេះ ថែមទាំងមានមុខរបរផ្ទាល់ខ្លួនទៀតផង ពោលគឺនាងជាម្ចាស់សំអាងការ ដ៏ល្បីមួយនៅភ្នំពេញ គឺសំអាងការ លី ចាន់សីហា។

យ៉ាងណាមិញ ដើម្បីឲ្យទស្សនិកជនជ្រាបកាន់តែច្បាស់ ពាក់ព័ន្ធនឹងការងារសិល្បៈបច្ចុប្បន្ន មានភាពមមាញឹក យ៉ាងណា ព្រមទាំងជីវិតគ្រួសារផងនោះ អ្នកនាង លី ចាន់សីហា នឹងចូលខ្លួនមកបកស្រាយ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅល្ងាចថ្ងៃសៅរ៍ទី ២៣ ខែមិថុនា ឆ្នាំ២០១៨នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នៅលើ Fresh News TV និង Khmer Talking ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងដដែល៕