(កណ្តាល)៖ នៅសាលាវិទ្យាល័យជាស៊ីមព្រែកអញ្ចាញ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធានឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកមុខកំពូល ខេត្តកណ្តាល បានអញ្ជើញសម្ពោធទីលានបាលទាត់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជួបសំណេះសំណាលជាមួយសិស្សពូកែ នៅទូទាំងស្រុកមុខកំពូល ខេត្តកណ្តាល។

ក្នុងនាមជា អតីតជ័យលាភី សិស្សពូកែលេខ១ទូទាំងប្រទេស ទាំងផ្នែកគណិតវិទ្យា និងអក្សរសិល្បរ៍ខ្មែរ នៅក្នុងទសវត្សឆ្នាំ៨០ លោក វង្សី វិស្សុត បានថ្លែងថា ការរៀបចំឱ្យមានការប្រឡងសិស្សពូកែ ផ្នែកគណិតវិទ្យា និងផ្នែកអក្សរសាស្រ្ត នៅក្នុងចំណោមសិស្សថ្នាក់ទី១២ នៅក្នុងស្រុកមុខកំពូល គឺមានគោលដៅចូលរួមចំណែក លើកស្ទួយគុណភាព នៃការអប់រំ នៅកម្ពុជានិយាយជារួម និងនិយាយដោយឡែក គឺចូលរួមលើកកម្ពស់គុណភាព អប់រំនៅស្រុកមុខកំពូលរបស់យើងតែម្តង។ យើងទាំងអស់គ្នាត្រូវចូលរួមលើកកម្ពស់ គុណភាពនៃការអប់រំទាំងអស់គ្នា។ ពិតណាស់ថា រដ្ឋមានតួនាទីធំនៅក្នុងការរៀបចំគោលនយោបាយ, យុទ្ធសាស្រ្ត, កម្មវិធី និងការបង្ហូរធនធានសម្រាប់ទ្រទ្រង់ដល់វិស័យនេះ តែគ្រូបង្រៀន, មាតាបិតាអាណាព្យាបាល សិស្ស, សហគមន៍ ជាពិសេសសិស្សខ្លួនឯង ក៏សុទ្ធតែមានតួនាទីសំខាន់ផងដែរ នៅក្នុងការលើកកម្ពស់គុណភាពនៃការអប់រំផងដែរ។

លោកបានបន្តថា ការអប់រំ (Education) គឺខុសពីការរៀន (Learning) ព្រោះការរៀននេះ អាចធ្វើយើងចេះតែមុខជំនាញតែមួយពីរ ឬមុខជំនាញ ដែលយើងបានរៀនតែប៉ុណ្ណោះ តែការអប់រំវិញ នឹងអាចធ្វើឱ្យយើងចេះតាំងពីការបណ្តុះឆន្ទះ, ទស្សនៈ, អាកប្បកិរិយា, មនសិកាវិជ្ជាជីវៈ, ចេះដោះស្រាយបញ្ហា និងចេះធ្វើការសម្រេចិត្តដ៏ត្រឹមត្រូវថែមទៀត។ ជាមួយគ្នានេះ ការយកជំនាញមកប្រើប្រាស់ឱ្យចំកន្លែង ក៏មានសារសំខាន់ផងដែរ មិនថាតែនៅក្នុងវិស័យសាធារណៈ ឬក៏ក្នុងឯកជននោះទេ។

លោក វង្សី វិស្សុត ក៏បានបញ្ជាក់ផងដែរថា ការអភិវឌ្ឍធនធានមនុស្ស នឹងក្លាយជាកត្តាកំណត់ឈ្នះចាញ់ របស់កម្ពុជាចាប់ពីនេះទៅដល់ ៣០ឆ្នាំ ឬ ៤០ឆ្នាំខាងមុខទៀត។ កម្ពុជានឹងមិនអាចធ្វើដំណើរទៅមុខបានឆ្ងាយ និងមិនអាចក្លាយជា ប្រជាជាតិមួយដែលខ្លាំងពូកែបានទេ ប្រសិនបើប្រជាជនមិនមានការអប់រំខ្ពស់។ ដូចនេះ យើងចាំបាច់ពង្រឹងគុណភាពនៃការអប់រំ ដោយចាប់ផ្តើមពីការពង្រឹង គុណភាពគ្រូបង្រៀនជាមុន ទន្ទឹមគ្នានឹងការបន្តដំឡើងប្រាក់បៀវត្សជូនគ្រូបង្រៀន និងការបំពាក់សម្ភារសម្រាប់បម្រើឱ្យការរៀន និងការបង្រៀន។

នៅក្នុងទិសដៅនេះហើយ ទើបនៅក្នុងឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានដាក់ចេញ នូវគោលនយោបាយគ្រូបប្រៀន ដើម្បីលើកកម្ពស់ជំនាញនៃការបង្រៀន ទាំងតាមរយៈការធ្វើវិក្រឹត្យការគ្រូបង្រៀនផង និងទាក់ទាញអ្នកពូកែមកធ្វើជាគ្រូបង្រៀនផង ព្រមទាំងធ្វើឱ្យវិជ្ជាជីវៈគ្រូបង្រៀនក្លាយជាវិជ្ជាជីវៈមួយដែលកាន់តែមានតម្លៃ និងមានការទាក់ទាញខ្លាំង។ ទន្ទឹមនឹងនេះ ចំណាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ត្រូវបានបង្កើនរហូតទៅដល់ជាង០៣ដង ពោលគឺពីប្រមាណតែ២៦៦លានដុល្លារ ក្នុងឆ្នាំ២០១៣ ឡើងដល់ប្រមាណ៨៥៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨។

ជាមួយគ្នានេះ ប្រាក់បៀវត្សរបស់គ្រូបង្រៀន ក៏ត្រូវបានដំឡើងជាបន្តបន្ទាប់លើស ពីមន្រ្តីរាជការទូទៅ ហើយថវិកាប្រតិបត្តិការរបស់សាលារៀន ក៏ត្រូវបានទម្លាក់ដល់ សាលារៀនផ្ទាល់ផងដែរ។
លោកបានបន្តថា រាជរដ្ឋាភិបាលនឹងរៀបចំប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ឱ្យក្លាយទៅជាសេដ្ឋកិច្ចឌីជីថល នៅក្នុងរយៈពេល១៥ឆ្នាំខាងមុខទៀត។

ដូចនេះ កម្ពុជាត្រូវតែបន្តផ្តោតទៅលើការពង្រឹងការអប់រំលើមុខជំនាញវិទ្យាសាស្រ្តបច្ចេកទេសវិស្វកម្ម និងគណិតវិទ្យា (STEM) ដើម្បីឆ្លើយតបនឹងទិសដៅខាងលើ។ លោកលើកឡើងថា នៅក្នុងយុគនៃសម័យបច្ចេកវិទ្យាព័ត៌មានវិទ្យានេះ ក្រៅពីការចូលរួមបង្កើនផលិតភាព នៅក្នុងសេដ្ឋកិច្ច ក៏នឹងអាចធ្វើឱ្យមានគម្លាតប្រាក់ ចំណូលកាន់តែខ្លាំងឡើង រវាងអ្នក ដែលមានជំនាញនេះ និងអ្នកដែលគ្មានជំនាញ ដែលទាមទារឱ្យរដ្ឋត្រូវជួយ ដោះស្រាយ។

ក្នុងន័យនេះហើយ ទើបរាជរដ្ឋាភិបាល បានបង្កើតឱ្យមានសាលាជំនាន់ថ្មី ក្នុងគោលដៅផ្តល់នូវការអប់រំមួយ ដែលមានស្តង់ដារគុណភាពក្នុងកម្រិតខ្ពស់ មិនចាញ់គ្នានឹងបណ្តាប្រទេស អភិវឌ្ឍន៍ជឿនលឿននានានោះទេ។ ដោយឡែក និងអាចថាជាភ័ព្ទសំណាង របស់អ្នកស្រុកមុខកំពូលផងដែរ ព្រោះសាលាជំនាន់ថ្មីនេះ ក៏បានបង្កើតនៅក្នុងវិទ្យាល័យជាស៊ីម ព្រែកអញ្ចាញផងដែរ។

ក្នុងនាមជាអតីតជ័យលាភីសិស្សពូកែលេខ ១ ទូទាំងប្រទេស ទាំងផ្នែកគណិតវិទ្យា និងអក្សរសិល្បរ៍ខ្មែរ នៅក្នុងទសវត្សឆ្នាំ៨០, លោកបានស្នើសុំដល់ក្មួយៗ ជា សិស្សានុសិស្ស ទាំងអស់ ត្រូវខិតខំប្រឹងប្រែងក្នុងការរៀនសូត្រ ហើយក្រៅពីការរៀន សូត្រក្នុងសាលារៀន ត្រូវខិតខំសិក្សាស្រាវជ្រាវតាមមធ្យោបាយផ្សេងៗទៀត ដូចជា តាមរយៈ Youtube និង Google ជាដើម។ លោកក៏បានលើកទឹកចិត្តដល់ក្មួយៗទាំងអស់ឱ្យចូលចិត្តលេងកីឡាថែមទៀត ព្រោះ កីឡាមិនមែនត្រឹមតែនាំមកនូវសាមគ្គី មិត្តភាព និងជួយធ្វើឱ្យកាយសម្បទា របស់យើង មាំមួនប៉ុណ្ណោះទេ តែកីឡាក៏ជួយបណ្តុះឆន្ទៈ និងទស្សនៈថែមទៀត។

ក្រៅពីការលេងកីឡា, លោកបានណែនាំដល់យុវជន ត្រូវតែចេះចូលរួមធ្វើកិច្ចការ សង្គមថែមទៀត ដូចជាយុវជនកាយឬទ្ធិ ឬយុវជនកាកបាទក្រហមជាដើម ព្រោះ កិច្ចការ នេះនឹងជួយបណ្តុះជំនាញផ្នែកទន់ ដែលនឹងជួយបង្រៀនយើង ឱ្យចេះពីការ ទំនាក់ទំនង, ការដោះស្រាយបញ្ហា និងការសម្រេចចិត្ត សម្រាប់ក្លាយខ្លួនជាអ្នកដឹកនាំ ទៅថ្ងៃក្រោយ។

អតីតជ័យលាភីសិស្សពូកែលេខ១ រូបនេះ ក៏បានផ្តាំផ្ញើដល់ក្មួយៗជាសិស្សថ្នាក់ទី១២ នៅក្នុងស្រុកមុខកំពូលទាំងអស់ ត្រូវត្រៀមខ្លួនឱ្យបានល្អ សម្រាប់ការប្រឡង សញ្ញាបត្រ ទុតិយភូមិនាពេលខាងមុខនេះ ដើម្បីជួយធ្វើឱ្យស្រុករបស់យើង និងសាលា របស់យើងទទួលបាននូវចំណាត់ថ្នាក់ល្អ ហើយមានសិស្សដែលជាប់និន្ទេស A ច្រើន។ លោក វង្សី វិស្សុត បានប្រកាសនឹងផ្តល់នូវការឧបត្ថម្ភម៉ូតូចំនួន ០១គ្រឿង ចំពោះ សិស្សប្រឡងជាប់និទ្ទេស A នៅក្នុងស្រុកមុខកំពូល៕