(ភ្នំពេញ)៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៥) បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ នៃស្នងការរាជធានីភ្នំពេញ ឃាត់ខ្លួនស្រ្តីម្នាក់ និងដកហូតបានគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនចំនួន១១កញ្ចប់ថង់ធំ ដែលមានទម្ងន់រុបជិត១គីឡូក្រាម។ នេះបើតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន ដែលទើបផ្តល់ឲ្យបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែមិថុនានេះ។

របាយការណ៍ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ដែលដឹកនាំសម្របសម្រួលពីលោក អ៊ុ សុភក្កិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ការបង្ក្រាបនេះ ដំបូងធ្វើឡើងនៅចំណុចមុខផ្ទះសំណាក់ណារ៉ាវី និងបានបន្តឆែកឆេរលំនៅដ្ឋាន១កន្លែង ស្ថិតនៅផ្ទះជួលេខ១៣ ផ្លូវលេខ៣បេតេ ភូមិចម្រើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទើបរកឃើញគ្រឿងញៀនដែលលាក់ទុក។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ ណៃ ផារី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ និងចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ice) ចំនួន១១កញ្ចប់ថង់ធំ ស្មើទម្ងន់៧៣៦.២៦ក្រាម និងជញ្ជីងអេឡិចត្រូនិចចំនួន ១គ្រឿងផងដែរ៕