(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញសហការជាមួយ គណៈកម្មការផ្សារសាមគ្គី ផ្សារដើមគរ ក្នុងខណ្ឌទួលគោក ចុះត្រួតពិនិត្យ ស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព និងលាយសារធាតុគីមី​ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨។

លោក​ គង់​ វុទ្ធី​ អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដែលដឹកនាំចុះពិនិត្យផ្ទាល់បានឲ្យដឹងថា​ ក្នុងប្រតិបត្តិការនេះ មន្ត្រីរបស់លោកបានពិនិត្យទៅលើទំនិញជាច្រើនមុខ​ មិនមានទំនិញ ណាលាយនៅជាតិគីមី និងខូចគុណ​ភាពនោះទេ​ ប៉ុន្តែក្នុងនោះ​នំបាញ់ឌុក និងលតដែលធ្វើអំពីអង្ករខ្មែរបានធ្វើតេស្តបឋម ឃើញមានលាយបន្ថែមនៅសារធាតុគីមីហាមឃាត់ បូរ៉ាក់ ក្រោយពីការត្រួតពិនិត្យមន្ត្រីជំនាញបានដកហូតនំបាញ់ឌុក និងលតបានចំនួន២២គីឡូក្រាម យកមកកម្ទេចចោលនៅ និងកន្លែង និងស្រាវជ្រាវរកម្ចាស់សិប្បកម្មបានចំនួន០២ នាក់ មកធ្វើកិច្ចសន្យាបញ្ឈប់ការលាយបន្ថែមសារធាតុគីមីហាមឃាត់ និងធ្វើការផ្សព្វផ្សាយអប់រំ ដល់អាជីវករ អ្នកប្រើប្រាស់អោយយល់ដឹងពីសុវត្ថិភាពចំណីអាហារ។

លោក គង់ វុទ្ធី​ បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការចុះឆែកឆេរនេះ ធ្វើឡើងតាមបទបញ្ជា​ ប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ ដែលគិតអំពីសុវត្ថិភាព និងសុខភាពដល់បងប្អូនប្រជាពលរដ្ឋ ហើយសកម្មភាពនេះគឺបានធ្វើឡើងដូច ភ្លៀងរលឹមយ៉ាងដូច្នេះដែរ។

ជាមួយគ្នានោះដែរ លោកក៏បានណែនាំដល់ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលផ្ទុកសារ ធាតុពុលនិង ម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើមផងដែរ។

លោកក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយលក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមី ទៅលើផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕