(ភ្នំពេញ)៖ នេះមិនមែនជាលើកទីមួយនោះទេ ដែលអាជ្ញាធរខណ្ឌដង្កោ បានស្ថាបនាផ្លូវជូនប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងមូលដ្ឋាន។ បច្ចុប្បន្នយើងឃើញថា នៅមូលដ្ឋានខណ្ឌដង្កោភាគច្រើន គឹជាផ្លូវបេតុង សម្រាប់បំរើប្រជាពលរដ្ឋប្រើប្រាស់។

ទន្ទឹមនិងនេះ ពលរដ្ឋក៏មានជីវភាពល្អប្រសើរផងដែរ ទាំងនេះក៏ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា។

ផ្លូវបេតុង ឆ្អឹងដែក១ខ្សែ ប្រវែង៣៨៩ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅភូមិត្រពាំងគ និងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ ត្រូវបានបើកការដ្ឋានស្ថាបនា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ក្រោមវត្តមានលោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយមន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ ជាច្រើនរូបផងដែរ។

នាឱកាសនោះ លោកអភិបាល បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងទ្វេរតែងបានគិតគូរពីការលំបាក បញ្ហា និងតម្រូវការនានារបស់បងប្អូននៅមូលដ្ឋាន។

លោក នុត ពុធដារ៉ា ក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសឆ្លងកាត់បញ្ហាលំបាកនានា ឲ្យក្លាយជាប្រទេសមានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធារ ក្រោមដំបូលសន្តិភាព។

ជាក់ស្តែង ផ្លូវបេតុងថ្មី០១ខ្សែ ដែលកំពុងបើកការដ្ឋានស្ថាបនា នាពេលនេះ គឺជាផ្លូវដែលប្រើប្រាស់ថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៨។

នៅក្នុងសកម្មភាពនេះ បងប្អូនប្រជាពលរដ្ឋ បានធ្វើការថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងគិតគូរ​ដល់ការលំបាក​របស់ពួកគាត់ និងបានប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី​ សម្រាប់​អាណត្តិបន្តបន្ទាប់ទៀត ដើម្បីសម្តេចបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅកាន់ភាពរីកចម្រើនសម្បូរ​សប្បាយ តទៅមុខ​ទៀត៕