(រតនគិរី)៖ ក្នុងដំណើរបេសកកម្មថ្ងៃទី៣របស់ក្រុមការងារ «មែកសឺដេស និងកំណប់អាថ៌កំបាំង» នៅខេត្តរតនគិរី បានទៅដល់សហគមន៍ជនជាតិដើមភាគតិចមួយ ស្ថិតនៅភូមិល្អក់ ឃុំល្អក់ ស្រុកអូរជុំ ដែលនៅទីនោះគឺសម្បូរទៅដោយជនជាតិដើមភាគតិចក្រឹង កំពុងធ្វើការងារប្រកបមុខរបររកទទួលទានប្រចាំថ្ងៃ ដូចជាធ្វើចម្ការ លក់ដូរ បិតស្រាពាង ចិញ្ចឹមសត្វ ជាមួយសម្ដីសំដៅតាមបែបជនជាតិក្រឹង ហើយអ្នកខ្លះក៏អាចនិយាយភាសាខ្មែរបានដែរ គ្រាន់តែរាងរដឺនៗបន្តិច។

អ្វីដែលពិសេសដែលក្រុមបេសកកម្មចាប់អារម្មណ៍ខ្លាំងនោះ គឺនៅតាមផ្ទះរបស់ជនជាតិដើមភាគតិចក្រឹងនីមួយៗ គឺសុទ្ធមានប្រើប្រាស់បង្គន់អនាម័យ ហើយក្នុងផ្ទះរបស់ពួកគាត់គឺសុទ្ធតែមានទឹកស្អាត ទឹកចម្រោះសម្រាប់បរិភោគ និងប្រើប្រាស់ប្រចាំថ្ងៃ ដែលនេះគឺជាលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍សហគមន៍របស់អង្គការ Plan International។

អង្គការ Plan កំពុងតែប្រតិបត្តិការងារនៅក្នុងឃុំចំនួន៧ នៃស្រុកអូរជុំ ខេត្តរតនគិរី  គម្រោងបានដំណើរការបាន២ឆ្នាំមកហើយ ក្នុងនោះអង្គការ Plan បានប្រតិបត្តិការលើការងារចំនួន២សំខាន់ៗ រួមមាន៖ ទី១.ប្រតិបត្តិការលើការងារអប់រំ ផ្សព្វផ្សាយ និងជំរុញឱ្យប្រជាពលរដ្ឋក្នុងស្រុកអូរជុំនេះ ប្រើប្រាស់ទឹកស្អាត ទឹកដែលមានអនាម័យ និងទី២.ប្រតិបត្តិការលើការងារអប់រំ និងបំផុសឱ្យប្រជាពលរដ្ឋចេះធ្វើ និងប្រើប្រាស់បង្គន់អនាម័យទាំងអស់គ្នា។

សូមទស្សនាកិច្ចសម្ភាសរវាងក្រុមការងារមែកសឺដេស និងកំណប់អាថ៌កំបាំង ជាមួយលោក ធីន ធី តំណាងអង្គការ Plan International, លោកនាយកសាលាបឋមសិក្សាល្អក់ពីរ និងលោក ប៊ាន យ៉ែម សមាជិក្រុមប្រឹក្សាឃុំល្អក់ ដូចតទៅ៖