(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ តទៅ ប្រេងឥន្ទនៈនៅកម្ពុជានឹងចុះថោកជាងតម្លៃធម្មតា ១៦០រៀល ក្នុងនោះរដ្ឋជួយចេញ២សេន (៨០រៀល) ហើយក្រុមហ៊ុនប្រេងឥន្ទនៈនានាក៏ជួយចេញ២សេនដែរ ដើម្បីទប់កុំឱ្យតម្លៃប្រេងឡើងថ្លៃ មានន័យថា ប្រសិនបើតម្លៃទីផ្សារធម្មតាលក់ក្នុងមួយលីត្រ ១ដុល្លារ (៤០០០រៀល) អ្នកទិញប្រេងចំណាយលុយតែ ៣,៨៤០រៀលប៉ុណ្ណោះ។

សម្ដេចតេជោមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៣,២៣៣នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា គ.ស២០១៨។

សម្ដេចបានថ្លែងថា គ្រាន់តែរយៈពេល៥ខែ ដើមឆ្នាំ២០១៨នេះ ការឧបត្ថម្ភទុនដោយស្ងាត់ស្ងៀមសម្រាប់រក្សានូវថ្លៃប្រេងនៅកម្ពុជាកុំឱ្យឡើង រាជរដ្ឋាភិបាលបានបញ្ចេញថវិកាជិត ៨៣លានដុល្លារអាមេរិក ប៉ុន្តែវិធានការនេះមិនគ្រប់គ្រាន់ទេ ពោលគឺត្រូវមានវិធានការបន្ថែមទៀត ដូចជា ទី១. កំណត់មូលដ្ឋាននៃការគិតពន្ធប្រេង ដោយធៀបទៅនឹងតម្លៃទីផ្សារអន្តរជាតិ និងទី២. បញ្ចុះអាត្រាអាករពិសេសចំពោះប្រេងសាំងពី ៣៥% មក ១៥% ប្រេងម៉ាស៊ូតពី ១៥% មក ៥.៥% និងប្រេងកាតពី ១៥% មក ១០%។ សម្ដេចបន្តថា តាមរយៈវិធានការនេះ រដ្ឋនឹងត្រូវខាតបង់ថវិកាក្នុងមួយឆ្នាំ ៣០លានដុល្លារអាមេរិកបន្ថែមទៀត ជាមួយនឹងការឧបត្ថម្ភទុនដោយស្ងាត់ស្ងៀម។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា យុទ្ធនាការបញ្ចុះថ្លៃប្រេងនៅកម្ពុជានេះ ភាគីរដ្ឋនឹងរួមចំណែកជួយចេញថ្លៃក្នុងមួយលីត្រ ២សេន ហើយក្រុមហ៊ុនលក់ប្រេងឥន្ទនៈក៏នឹងចូលរួមចេញ ២សេនក្នុងមួយលីត្រផងដែរ ដូចជាក្រុមហ៊ុនសូគីម៊ិច ក្រុមហ៊ុនតេលា ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនកាល់តិច ក្រុមហ៊ុនប៉ាប៉ា ក្រុមហ៊ុនភីធីធី ដូច្នេះការបញ្ចុះតម្លៃនេះនឹងត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ តទៅ។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏ដាក់កំហិតឱ្យក្រសួងពាណិជ្ជកម្មត្រូវធ្វើការ និងតាមដានឱ្យដិតដល់លើតម្លៃប្រេងនេះ និងស្នើដល់ក្រុមហ៊ុនចែកចាយប្រេងឥន្ទនៈនានា គិតគូរឱ្យបានហ្មត់ចត់លើការលក់ប្រេងរបស់ខ្លួន។ ត្រង់ចំណុចនេះ សម្តេចចង់បញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនប្រេងបានទិញប្រេងមកស្តុកទុក ពេលតម្លៃប្រេងនៅទាបហើយលក់មិនទាន់អស់ មិនគួរដំឡើងថ្លៃភ្លាមៗនោះទេ នៅពេលតម្លៃប្រេងលើពិភពលោកឡើងថ្លៃ។

លើសពីនេះ សម្តេចតេជោបានបន្ថែមថា ការរួមគ្នារវាងរដ្ឋ និងឯកជនលើតម្លៃប្រេងនាពេលនេះ គឺដើម្បីដោះស្រាយនូវបញ្ហា និងកង្វល់របស់ប្រជាពលរដ្ឋលើបញ្ហាតម្លៃប្រេងនេះ។

បើតាមសម្ដេច ហ៊ុន សែន ក្នុងរដូវបោះឆ្នោតនេះ នឹងមានគណបក្សនយោបាយដទៃឃោសនាដេញថ្លៃប្រេងជាមួយសម្តេច ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយគេអាចនិយាយថា តម្លៃប្រេងនឹងចុះថោកជាងនេះ បើគណបក្សគេឈ្នះឆ្នោត។ ប៉ុន្តែទោះជាយ៉ាងណា តម្លៃប្រេងឡើងថ្លៃនេះ មិនមែនកម្ពុជាជាអ្នកដំឡើងទេ ប៉ុន្តែអង្គការប្រទេសនាំចេញប្រេង ហៅកាត់ថា OPEC ជាអ្នកកំណត់ថ្លៃ៕