(ចិន)៖ ហ្គេមក្នុងទូរស័ព្ទ ដែលផលិតដោយចិន កំពុងមានប្រៀបយ៉ាងខ្លាំង ក្នុងទីផ្សារហ្គេមរបស់ប្រទេសកូរ៉េខាងត្បូង។ ជាង២ភាគ៣នៃហ្គេមទាំង២០ ដែលមានប្រជាប្រិយភាពបំផុត នៅកូរ៉េខាងត្បូង គឺជាហ្គេមដែលផលិតនៅចិន។

ក្នុងចំណោមហ្គេមក្នុងទូរស័ព្ទទាំង១៣៦របស់ចិន ដែលបានដាក់ឱ្យលេងនៅកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៧ មានហ្គេមចំនួន១៦បានជាប់ ក្នុងតារាងហ្គេមដែលមានប្រជាប្រិយភាពបំផុតទាំង២០។ ហ្គេមទាំងនេះ រកប្រាក់ចំនូលបាន១៨៣លានដុល្លារអាមេរិក កើនឡើង៧៤ភាគរយធៀបនឹងឆ្នាំ២០១៦។

លោក លី ហុងអ៊ី អ្នកបង្កើតទីផ្សារហ្គេម បានថ្លែងថា «ហ្គេមចិនជាច្រើន ទទួលបានជោគជ័យនៅកូរ៉េខាងត្បូង ជាពិសេស គឺហ្គេមប្រភេទ SRG (Support Rich Games) និង MMORPG (Massive Multiplayer Online Role-Playing Games) តែម្តង។ ហ្គេមចិន មានប្រៀបខ្លាំងក្នុងហ្គេមប្រភេទទាំងនេះ»

នៅកូរ៉េខាងត្បូង ល្បឿនអ៊ីនធើណេតសម្រាប់ទូរស័ព្ទ និងការប្រើទូរស័ព្ទឆ្លាតវៃ មានកម្រិតខ្ពស់ ហើយការប្រកួតក្នុងទីផ្សារហ្គេម ក្នុងទូរស័ព្ទនៅទីនេះ ក៏តែងតែមានលក្ខណៈតឹងតែងជាយូរមកហើយដែរ។

ដើម្បីលេចធ្លោរក្នុងទីផ្សារ ហ្គេមចិនបានអភិវឌ្ឍគុណភាព និងការរចនា ដោយតម្រូវទៅតាមស្ថានភាពនៅកូរ៉េខាងត្បូង និងបញ្ចូលតួអង្គក៏ដូចជាភ្លេង ដែលអ្នកលេងនៅទីនេះ អាចចំណាំបាន។
កត្តានេះ ក៏បានជួយដល់ក្រុមហ៊ុនហ្គេម របស់កូរ៉េខាងត្បូងផងដែរ។ ចំនួនក្រុមហ៊ុនចែកចាយ ក្នុងស្រុកដែលចេញលក់ហ្គេមទូរស័ព្ទរបស់ចិន បានកើនឡើងនៅប៉ុន្មានឆ្នាំថ្មីៗនេះ។

លោក ផាក យុនអ៊ីម អ្នកបង្កើតហ្គេមជនជាតិកូរ៉េខាងត្បូង បានថ្លែងថា «ហ្គេមចិន ធ្វើបានល្អណាស់ ចំពោះការទាក់ទាញអ្នកលេង ជាពិសេសគឺនៅដំណាក់កាលដំបូង និងដំណាក់កាលកណ្តាលនៃហ្គេមតែម្តង។ គឺល្អជាងហ្គេមជាច្រើនរបស់កូរ៉េខាងត្បូង»

ចិនគឺជាទីផ្សារហ្គេមដ៏ធំបំផុតក្នុងពិភពលោក។ ដោយមានកំណើននៃការលេងហ្គេមក្នុងទូរស័ព្ទ ទីផ្សារហ្គេមទូរស័ព្ទរបស់ចិន រកចំនូលបាន១៤,៦០០លានដុល្លារអាមេរិក កាលពីឆ្នាំមុន ហើយវិស័យកីឡាអនឡាញរបស់ចិន មានតម្លៃ១ម៉ឺនលានដុល្លារអាមេរិក៕ (សារព័ត៌មាន CCTV របស់ចិន)