(ភ្នំពេញ)៖ ស្របពេលដែលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ កាន់ខិតជិតចូលមកដល់នោះ, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ​បានស្នើឲ្យគណបក្សនយោបាយទាំងអស់ ធ្វើខ្លួនឲ្យដូចជាពាណិជ្ជករ ពោលប្រឹងប្រែងផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួន មិនត្រូវបង្អាប់គោលនយោបាយរបស់បក្សគេនោះទេ។

ការស្នើរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតី​ប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន៣,២៣៣នាក់ ដែលក្នុងនោះមាននារី ១,៥០៨នាក់។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមឲ្យអ្នកនយោបាយនានាតាំងខ្លួនជាអ្នកលក់ទំនិញ ឃោសនាតែពីទំនិញល្អៗ របស់ខ្លួនបានហើយ កុំបង្អាប់ទំនិញអ្នកដ៏ទៃ ព្រោះអ្នកនឹងបង្កើតរឿងជាមួយអ្នកដ៏ទៃហើយ [...] យកល្អយើងលើកតែពីគោលនយោបាយរបស់យើងបានហើយ កុំបង្អាប់អ្នកដ៏ទៃ។ ខ្ញុំចង់ឲ្យបណ្ដាបក្សនយោបាយទាំងអស់ ក្លាយទៅជាអ្នកឃោសនាពាណិជ្ជកម្មទំនិញ​»

ជាមួយគ្នានេះ សម្តេចប្រមុខនៃរាជរដ្ឋាភិបាល បានថ្លែងឆ្លើយតបទៅនឹងអ្នកគាំទ្រគណបក្សមួយ ដែលបានចូល Comment នៅក្នុង Facebook របស់សម្តេចកាលពីយប់មិញថា ​ថ្នាក់ដឹកនាំគណបក្សមួយ (ដែលសម្តេចមិនទម្លាយឈ្មោះ) គឺរដ្ឋាភិបាលរបស់សម្តេចទេ ជាអ្នកបញ្ជូនទៅរៀននៅអាល្លឺម៉ង់។

ការលើកឡើងបែបនេះរបស់ សម្តេចតេជោ ហ៊ុន សែន ក៏ដោយសារមានអ្នកគាំទ្រគណបក្សមួយនោះ ចូលទៅធ្វើការប្រៀបធៀបគោលនយោបាយ របស់គណបក្សខ្លួន ជាមួយបក្សប្រជាជនកម្ពុជា នៅលើទំព័រ Facebook របស់សម្តេច។ បើតាមសម្តេច​ មេដឹកនាំបក្សមួយនោះ ធ្លាប់បានផ្ញើសារអរគុណសម្តេច ដែលបានប្រឹងប្រែងរំដោះ ជីវិតរបស់ពួកគេ និងបានបញ្ជូនពួកគេឲ្យទៅសិក្សារហូតបានបណ្ឌិតនៅប្រទេសអាល្លឺម៉ង់។

សូមជម្រាបថា ដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលកំណត់ដោយគ.ជ.ប នោះនឹងមានរយៈពេល២០ថ្ងៃ ដោយចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ខណៈដែលការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕