(ព្រះសីហនុ)៖ ក្រសួងទេសចរណ៍ ដែលមាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារជាសេនាធិការ បានសហការជាមួយមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ចុះផ្សព្វផ្សាយយុទ្ធនាការក្រមប្រតិបត្តិភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ស្អាត និងក្រមប្រតិបត្តិឆ្នេរសមុទ្រ នៅតាមសណ្ឋាគារ ផ្ទះភ្ញៀវ ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ និងកន្លែងម៉ាស្សាមួយចំនួនក្នុងខេត្តព្រះសីហនុ។

ការផ្សព្វផ្សាយយុទ្ធនាការខាងលើនេះ ត្រូវបានធ្វើឡើងនាពេលថ្មីៗកន្លងមកនេះ។

បើតាមក្រសួងទេសចរណ៍ ក្នុងយុទ្ធនាការនេះមានខ្លឹមសារសំខាន់ៗ ដូចខាងក្រោម៖

១៖ ក្រមប្រតិបត្តិសម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត៖
* ត្រូវមានធុងសំរាមដែលទ្រាប់ដោយថង់ ដាក់នៅគ្រប់តុអាហារនីមួយៗ។
* ត្រូវចោលសំរាមក្នុងធុង និងត្រូវមានបុគ្គលិកប្រចាំការរើសសំរាមដែលភ្ញៀវចោលក្រៅធុង យកមដាក់ក្នុងធុងឱ្យបានត្រឹមត្រូវ។
* ត្រូវបិតពាក្យស្លោករំលឹកអំពីបញ្ហាអនាម័យនៅក្នុងទីតាំងអាជីវកម្ម។
* ត្រូវប្រើកន្សែងត្រជាក់ ឬក្រណាត់ជំនួសក្រដាសជូតមាត់។
* ត្រូវមានបញ្ជីរាយមុខម្ហូប និងតម្លៃជាភាសាខ្មែរ អង់គ្លេស និងភាសារបរទេសផ្សេងទៀតដែលចាំបាច់។
* បន្ទប់ទឹកស្អាតត្រូវមានបុគ្គលិកប្រចាំការ និងមានដាក់សាប៊ូទឹកសម្រាប់លាងដៃ និងក្រដាសជូត។

២៖ ក្រមប្រតិបត្តិឆ្នេរសមុទ្រ៖

* ហាមទទួលទានអាហារនៅលើឆ្នេរខ្សាច់។
* មិនត្រូវប្រើប្រាស់ឧបករណ៍បំពងសំឡេងដែលមានហ្វ្រេកង់ខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវសម្រាក។
* ហាមដាច់ខាតចុះលេងទឹកក្នុងស្ថានភាពស្រវឹង ឬមានជាតិអាកុលក្នុងខ្លូន។ ឳពុកម្តាយ ឬអាណាព្យាបាលត្រូវនៅជាប់ជាមួយកូននៅពេលចុះលេងទឹក។
* ហាមដាច់ខាតតាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម និងស្លាកសញ្ញាបក្សនយោបាយនានានៅតាមឆ្នេរខ្សាច់កម្សាន្ត។
* សូមគោរពស្លាកសញ្ញានានានៅតាមបណ្តោយឆ្នេរ។
* ហាមយកអាវុធជាតិផ្ទុះ និងបាញ់កាំជ្រួចនៅលើឆ្នេរខ្សាច់។
* ទុកដាក់សំរាមឱ្យបានត្រឹមត្រូវក្នុងធុងសំរាម។
* ហាមប្រើប្រាស់ថង់ប្លាស្ទីកនៅលើឆ្នេរខ្សាច់។
* ហាមប្រើប្រាស់យានជំនិះផ្សេងៗលើឆ្នេរខ្សាច់។
* ហាមស្នាក់នៅលើឆ្នេរខ្សាច់ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕