(ព្រះវិហារ)៖ សហគមនន៍កសិកម្មចំនួននៅក្នុងខេត្តព្រះវិហារ បានចុះអនុស្សរណៈយោគយល់ និងចុះកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផ្គត់ផ្គង់ស្រូវសិរីរាង្គ ជាមួយក្រុមហ៊ុន Signature of Asia សម្រាប់ផ្គត់ផ្គង់ស្រូវចំនួន៣,៥៤៨តោន ដែលមានកសិករផលិត សរុបចំនួន១០៦៩គ្រួសារ ក្នុងរដូវវស្សា ឆ្នាំ២០១៨នេះ។

ពិធីចុះ MoU នេះប្រព្រឹត្តឡើងនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងភាគីពាក់ព័ន្ធយ៉ាងច្រើនកុះករ ផងដែរ។

លោក ពឹង ទ្រីដា បានថ្លែងថា ការចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នា ក្នុងការផ្គត់ផ្គង់ស្រូវសរីរាង្គនេះ គឺជាលើកទី២ហើយ នៅក្នុងខែមិថុនា ឆ្នាំ២០១៨នេះ។ ការចុះហត្ថលេខាលើកទី១ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ រវាងក្រុមហ៊ុនក្រុមហ៊ុន៣ ជាមួយនិងសហគមន៍ចំនួន២៥ ដែលមានសមាជិកសរុប ៣៧៤១គ្រួសារ ដាំដុះលើផ្ទៃដី១០០០០ហិកតា ក្នុងនោះការផលិតរបស់សហគមន៍ ចំពោះស្រូវសរីរាង្គទទួលបាន ២២,០៥០តោន ដំឡូងមី ទទួលបាន១០,៥០០តោន។ ចំណែកនៅថ្ងៃទី២០ ខែមិថុនាម្សិលមិញ ក្រុមហ៊ុន Signature of Asia បានចុះអនុសារណៈយោគយល់គ្នា ជាមួយសហគមន៍៨ទៀត​ ក្នុងខេត្តព្រះវិហារ ដែលមានកសិករផលិតសរុប១០៦៩នាក់ សម្រាប់ការផ្គត់ផ្គង់ស្រូវ បរិមាណ៣,៥៤៨តោន ក្នុងឆ្នាំ២០១៨នេះ។

លោក ពឹង ទ្រីដា បានបន្តថា មកដល់ពេលនេះ ខេត្តព្រះវិហារ មានសហគមន៍កសិកម្ម សរុប៤៣សហគមន៍ ក្រោមការសម្របសម្រួលដោយ ការិយាល័យអភិវឌ្ឍន៍ សហគមន៍កសិកម្ម និងត្រូវបានចុះបញ្ជីជាសហគមន៍កសិកម្មស្របច្បាប់ ដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។ ដោយគិតត្រឹមខែមិថុនានេះ សហគមន៍កសិកម្មទូទាំងខេត្ត មានសមាជិកសរុប៩២០០នាក់ និងទុនជាសាច់ប្រាក់ ប្រមាណជាង១,៣៦០០០០ដុល្លារ ក្នុងនោះដែរមុខរបរសំខាន់ៗ របស់សហគមន៍កសិកម្មផ្តោតលើការធ្វើឥណទានកសិកម្ម ផ្កត់ផ្គង់សម្ភារកសិកម្ម ទីផ្សារស្រូវ ដំឡូងមីសរីរាង្គជាដើម៕