(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា លោកនឹងលើកតំបន់រដ្ឋបាល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានា មកដាក់នៅក្នុងឃុំតាលោ ដើម្បីបង្កើតជាស្រុកថ្មីមួយ មានឈ្មោះថា «ស្រុកសំសាន្ត»។ នៅពេលដែលស្រុកនេះ បានបង្កើតចេញជារូបរាងហើយនោះ ស្រុកសំសាន្ត នឹងក្លាយជាស្រុកបង្អែកមួយ បន្ទាប់ពីទីក្រុងពោធិ៍សាត់ ដែលអាចជួយសម្រួល ដល់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែជិត កាន់តែលឿន មានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

លោកអភិបាលខេត្ត បានលើកឡើងបែបនេះ ក្នុងឱកាសជួបសំណេះសំណាល ដោះស្រាយសំណូមពរ និងពិភាក្សាការបង្កើតស្រុកថ្មី ជាមួយគ្រួសារប្រជាពលរដ្ឋ ទូទាំងឃុំតាលោ ជិត៣ពាន់នាក់ ដោយមានការចូលរួមពីសំណាក់តំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរនានា អាជ្ញាធរស្រុក និងមន្ត្រីមូលដ្ឋានយ៉ាងច្រើនកុះករ។

ក្រោយពីទទួលយក និងដោះស្រាយនូវរាល់សំណូមពរ របស់ប្រជាពលរដ្ឋនៅទីនោះរួចមក លោក ម៉ៅ ធនិន ក្នុងនាមរដ្ឋបាលខេត្ត និងជាមហាមេគ្រួសារ បានសម្តែងនូវក្តីរីករាយ ដោយបានបញ្ជាក់ថា គោលបំណងសំខាន់ គឺចង់ដឹងពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសប្រកាសនៅចំពោះមុខបងប្អូនផ្ទាល់តែម្តង គឺនាឆ្នាំ២០១៩ខាងមុខ ឯកឧត្តមនឹងបង្កើតស្រុកថ្មីមួយ។

លោកអភិបាលខេត្តបន្ថែមថា ដោយយល់ឃើញថា ឃុំតាលោ មានលក្ខណៈភូមិសាស្ត្រល្អ ប៉ុន្តែមានចម្ងាយឆ្ងាយពីទីរួមស្រុកបាកាន ពិបាកក្នុងការធ្វើដំណើរមកទទួលសេវាសាធារណៈផងនោះ លោកក៏បានសុំការឯកភាព ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃសម្ពោធអគាររដ្ឋបាលថ្មីសាលាខេត្តពោធិ៍សាត់ កាលពីពាក់កណ្តាលខែឧសភាកន្លងទៅ។

ទន្ទឹមនឹងនោះ សម្តេចក៏បានឯកភាពយល់ព្រមតាមការស្នើសុំ ឲ្យបង្កើតស្រុកថ្មីមួយ ដែលប្រជាពលរដ្ឋបានសម្រេចឲ្យប្រើឈ្មោះថា «ស្រុកសំសាន្ត» ដើម្បីជួយសម្រួល ដល់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យកាន់តែជិត កាន់តែលឿន មានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។ លោកបានបន្ថែមទៀតថា ក្រោយប្រជុំពិភាក្សាគ្នាហើយនោះ លោកនឹងចាត់ឲ្យលោកអភិបាលរងខេត្ត ២រូប សហការជាមួយជំនាញ ចុះសិក្សាប្លង់ពីលើអាកាស និងប្លង់ខាងក្រោម នៅលើផ្ទៃដីគ្រោងសាងសង់តំបន់រដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានា ជិត១០០ហិកតា។

លោក ម៉ៅ ធនិន ក៏បានលើកឡើងពីសក្តានុពល និងសមិទ្ធផលធំ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន ក្នុងទឹកដីខេត្តពោធិ៍សាត់ និងបានថ្លែងទៀតថា យើងមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍រហូតមកដល់សព្វថ្ងៃនេះ ដោយសារការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហេតុនេះហើយបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងសមិទ្ធផលដែលបានកើតមាន និងកំពុងតែកើតមានជាហូរហែរ សម្រាប់ជាប្រយោជន៍ដល់កូនចៅយើងជំនាន់ក្រោយ និងចេះរួមរស់ជាមួយគ្នាដូចគ្រួសារតែមួយ ក្រោមដំបូលតែមួយ និងក្រោមឆ័ត្រតែមួយ ព្រមទាំងបានអំពាវនាវ សូមឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។

នៅក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានចែកជូនវត្ថុកំដរដៃ ដល់អ្នកចូលរួមជិត៣ពាន់នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ ព្រមទាំងប្រគល់ថវិកាលើកទឹកចិត្ត ដល់អ្នកច្រៀងចម្រៀង អបអរការសប្បាយទាំងអស់គ្នាផងដែរ៕