(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ លោក គិត សុវណ្ណា អនុប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានជំរុញឲ្យបងប្អូនក្រុមអាជីវករទាំងអស់ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះទំនិញណា ដែលគ្មានស្លាកសញ្ញាច្បាស់លាស់ និងពុំមានបញ្ជាក់កាលបរិច្ឆេទត្រឹមត្រូវ ព្រោះទំនិញទាំងនេះ វាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកដែលទិញយកទៅប្រើប្រាស់។

ពិធីនេះដែរក៏មានការចូលរួមពីមន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន និងមន្ត្រីកាំកុងត្រូលខេត្ត ស្ថិតក្នុងភូមិផ្សារព្រំថ្មី ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោក គិត សុវណ្ណា បានលើកឡើងថា ការបន្តចុះត្រួតពិនិត្យទំនិញនាពេលនេះ តាមការចង្អុលបង្ហាញពីលោក ឈិម វាសនា ប្រធានសាខាកាំកុងត្រូវខេត្តប៉ៃលិន ដោយបញ្ជាឲ្យមន្ត្រីក្រោមឱវាទ ត្រូវតែគិតគូរពីសុខភាពប្រជាពលរដ្ឋ ពិសេស ត្រូវត្រួតពិនិត្យនូវចំណីអាហារ ដែលគ្មានស្លាក់សញ្ញាត្រឹមត្រូវ វាអាចបង្កផលប៉ះពាល់ ដល់សុខភាព ពីព្រោះយើងមិនអាចដឹងកាលផុតកំណាត់ប្រើប្រាស់បានទេ។

ជាងនេះទៅទៀត បើបងប្អូនអាជីវករ នាំយកទៅលក់បន្ត នៅតាមទីប្រជុំជន ឬតាមសាលារៀន វាអាចបង្កផលប៉ះពាល់ ដល់សុខភាពកុមារ នឹងភ្ញៀវទេសចរណ៍ នៅពេលទិញទៅបរិភាគម្តងៗ ។ លោកអនុប្រធានសាខា បន្តថា ភាពមិនប្រក្រតីនេះ នៅពេលមានអ្នកទិញយកទៅបរិភាគ វានឹងបង្កផលបះពាល់ដល់សុខភាពធ្ងន់ធ្ងរដូចជាឈឺពោះ រាគ ក្អួត បើព្យាបាលមិនទាន់ពេល នោះវាអាចធ្វើឲ្យយើងស្លាប់បាន ជាពិសេសទៅលើកុមារតូចៗ ហើយបញ្ហាចំណីអាហារ ដែលគ្មានកាលបរិឆ្ឆេទប្រើប្រាស់ ជាសញ្ញាមួយបង្ហាញពីភាពគ្រោះថ្នាក់បំផុត ពីព្រោះកាលណា របស់នៅសេសល់យូរ វាបំលែងរសជាតិទៅជាជូរផ្អូមតែម្តង។

ជាមួយគ្នានេះដែរ លោកក៏បានជំរុញឲ្យបងប្អូនក្រុមអាជីវករទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះទំនិញណាដែលម្ចាស់ផលិត ដឹកយកមកឲ្យយើង ដែលជាអ្នកលក់បន្ត គឺយើងត្រូវពិនិត្យមើលនូវរបស់ទាំងនោះ ថាតើមានការវេចខ្ជាប់មិនត្រឹមត្រូវ មានដាក់ស្លាកសញ្ញា នឹងកាលបរិច្ឆេទប្រើប្រាស់ច្បាស់លាស់ដែរឬទេ? ព្រោះបើសិនជាមិនមានស្លាកសញ្ញា និងកាលបរិច្ឆេទច្បាស់លាស់ទេ វានិងបង្កហនិភ័យខ្ពស់ ចំពោះសុខភាពយើងទាំងអស់គ្នាផងដែរ។

ក្នុងឱកាសបន្តចុះត្រួតពិនិត្យទំនិញនេះដែរ មន្ត្រីសាខាកាំកុងត្រូល បានរឹបអូសទំនិញមួយចំនួន ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់រួមមាន៖ ទឹកដោះគោប្រអប់ចំនួន៣៣ប្រអប់, ស្ករគ្រាប់ចំនួន១៥កញ្ចប់, ទំពាំងបាយជូក្រៀមចំនួន១៥កញ្ចប់, ដំណាប់កំប៉ុង០៣កំប៉ុង, នំស្រួយ០១កញ្ចប់ធំ, មីកំប៉ុងចំនួន០៧កំប៉ុង, ភេសជ្ជៈកំប៉ុងចំនួ០៧កំប៉ុង, សណ្តែកដីកំប៉ុងចំនួន០៣កំប៉ុង និងទឹកខ្មោះរូបទន្សាយចំនួន០៧ដបផងដែរ៕